ក្រុមឈ្មួញនិងអាជីវករបានឲ្យដឹងថា ទោះបីពួកគេផ្ទុកទំនិញមិនលើសទម្ងន់ក៏ត្រូវបង់លុយតាមការកំណត់របស់លោក គង់ ប៊ុនលឿត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តកូនដំរី និងបក្ខពួកដែរមិនអាចតវ៉ាបានទេ។
ផ្ទុយទៅវិញឈ្មួញម្ចាស់រថយន្តធំៗផ្ទុកទំនិញលើសទម្ងន់អាចបើកបរឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តកូនដំរី ផ្លូវជាតិលេខ៥ ទៅដល់គោលដៅយ៉ាងសុខស្រួលឲ្យតែងបង់លុយតាមការកំណត់របស់លោក គង់ ប៊ុនលឿត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តកូនដំរី។
ជាងនេះទៅទៀតក្រុមឈ្មួញដឹកជញ្ជូនខ្សាច់ ដឹកជញ្ជូនក្រួស ដឹកជញ្ជូនថ្ម ពីខេត្តពោធិ៍សាត់ ហើយបើកវាងស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តកូនដំរី ទៅដល់ក្រុងប៉ោយប៉ែត យ៉ាងរលូនឲ្យតែនិយាយត្រូវរ៉ូវគ្នាជាមួយលោក គង់ ប៊ុនលឿត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តកូនដំរី។
ថ្មីៗនេះក្រុមអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តកូនដំរី ផ្លូវជាតិលេខ៥ ភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វើបាតុកម្មបិទផ្លូវនៅមុខស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តកូនដំរី តែម្តង។
បាតុកម្មតវ៉ាបិទផ្លូវនោះកើតឡើងដោយសារតែលោក គង់ ប៊ុនលឿត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តកូនដំរី ប្រើល្បិចស៊ីភ្នែកជញ្ជីង និងប្រែក្លាយជញ្ជីងថ្លឹងរថយន្តទៅជាជញ្ជីងថ្លឹងលុយតាមអំពើចិត្ត។ ប៉ុន្តែរហូតមកដល់ពេលនេះលោក សេង ឈួន ដែលជាមេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស មិនទាន់ចាត់ការលើលោក គង់ ប៊ុនលឿត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តកូនដំរី នៅឡើយទេ។
បើតាមការបង្ហើបពីមន្ត្រីរាជការនៅក្នុងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ បានលើកឡើងថា ការដែលលោក គង់ ប៊ុនលឿត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តកូនដំរី អាចធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួនគឺមានការបើកដៃពីសំណាក់លោក សុក ចាន់ថា ប្រធានមន្ទីរសាធារណការខេត្តបន្ទាយមានជ័យ ផងដែរ។
ប្រភពបានឲ្យដឹងទៀតថា ក្រោយពេលលោក សុក ចាន់ថា ទទួលបានតំណែងជាប្រធានមន្ទីរសាធារណការជំនួសលោក គឹម សុវណ្ណ គឺនៅតែបណ្តោយឲ្យលោក គង់ ប៊ុនលឿត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តកូនដំរី ប្រមូលលុយតាមរបៀបពុករលួយពេញទំហឹង។
ហេតុនេះលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនមិនគួរបណ្តោយឲ្យលោក សុក ចាន់ថា និងលោក គង់ ប៊ុនលឿត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តកូនដំរី ផ្លូវជាតិលេខ៥ រួមដៃគ្នាប្រព្រឹត្តអំពើពុករលួយពេញទំហឹងតទៅទៀតឡើយ។