ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធបានឲ្យដឹងថា នៅតាមច្រកព្រំដែនដូចជាច្រកដូនរ័ត្ន ច្រកចាន់មូល ច្រកបឹងជ្រោង និងច្រកដា ហៅច្រកដូង៧ដើម គឺនាយប៉ុស្តិ៍នគរបាលប្រចាំច្រកទាំងនោះមានសិទ្ធិអំណាចធំជាងគេក្នុងការបើកបារ៉ាស់ឲ្យឈ្មួញដឹកជញ្ជូនឈើ ដឹកជញ្ជូនធ្យូង និងដឹកជញ្ជូនអុស ចេញទៅស្រុកយួនយ៉ាងពេញបន្ទុក។
ចំណែកលោក ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ តែងរក្សាភាពស្ងៀមស្ងាត់បណ្តោយឲ្យនាយប៉ុស្តិ៍នគរបាលតាមច្រកព្រំដែនក្នុងស្រុកមេមត់ ធ្វើអ្វីៗតាមអំពើចិត្តដោយមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។
ដូច្នេះហើយទើបសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់ក្នុងស្រុកមេមត់ នៅតែកើតឡើងយ៉ាងពេញបន្ទុកដដែលព្រោះការបង្ក្រាបពីសំណាក់សមត្ថកិច្ចចម្រុះគ្មានប្រសិទ្ធភាពទាល់តែសោះគឺបានត្រឹមធ្វើឲ្យល្អមើល។
ប្រភពពីប្រជាពលរដ្ឋរស់នៅតាមបណ្តោយព្រំដែនខ្មែរ-យួនក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា បច្ចុប្បន្នបទល្មើសដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកព្រំដែនជាច្រើនកន្លែងក្នុងស្រុកមេមត់នៅតែកើតឡើងគ្មានទីបញ្ចប់។
មានការរិះគន់ថា ការបង្ក្រាបពីសំណាក់សមត្ថកិច្ចចម្រុះនាពេលកន្លងមកបានត្រឹមធ្វើឲ្យល្អមើលប៉ុណ្ណោះ ព្រោះឈ្មួញដែលធ្វើសកម្មភាពដឹកជញ្ជូនឈើតែងគេចផុតពីវិធានការផ្លូវច្បាប់។
ជាងនេះទៅទៀតលោក ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ គ្មានវិធានការដើម្បីបង្ក្រាបបទល្មើសព្រៃឈើប្រកបដោយប្រសិទ្ធភាពនោះទេ។
កាលពីយប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ សមត្ថកិច្ចចម្រុះក្នុងស្រុកមេមត់ បានចាត់វិធានការបង្ក្រាបរថយន្តសាំយ៉ុងដឹកឈើខុសច្បាប់១គ្រឿង នៅចំណុចគីឡូម៉ែត្រលេខ៦០ ភូមិសំពៅលូន ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
នៅក្នុងរថយន្តនោះសមត្ថកិច្ចរកឃើញឈើប្រភេទក្តារនិងសសរសរុបប្រមាណជាង២ម៉ែត្រគូប ប៉ុន្តែអ្នកបើកបររថយន្ត គ្មានសេចក្តីរាយការណ៍អំពីការឃាត់ខ្លួននោះទេ។
ដូច្នេះហើយទើបប្រជាពលរដ្ឋនិងមជ្ឈដ្ឋាននានាគ្មានជំនឿលើសមត្ថកិច្ចចម្រុះស្រុកមេមត់ ក្នុងការបង្ក្រាបបទល្មើសព្រៃឈើដែលនៅតែកើតឡើងយ៉ាងអនាធិបតេយ្យដូចសព្វថ្ងៃនេះ។