ប្រភពស្និទ្ធនឹងឈ្មួញឈ្មោះ គង់ ចន្នី ហៅចាន់ បានឲ្យដឹងថា បើគ្មានការបើកដៃ ពីសំណាក់មន្ត្រីជំនាញ មានសមត្ថកិច្ចពាក់ព័ន្ធទេនោះ គឺឈ្មួញរូបនេះមិនអាចប្រើប្រាស់រថយន្តធុនធំពាក់ស្លាកលេខខាងមុខ(កំពង់ចាម) ខាងក្រោយ(ភ្នំពេញ) ដឹកជញ្ជូនជ្រូកមកដល់ទីតាំងដេប៉ូរបស់ខ្លួនតាមផ្លូវជាតិលេខ២ ក្នុងភូមិឈូកស ឃុំសឹង្ហ បានឡើយ។
មេឈ្មួញឈ្មោះ គង់ ចន្នី ប្រមូលទិញជ្រូកតាមភូមិស្រុកផង តាមកសិដ្ឋាន និងនាំចូលជ្រូកចូលពីក្រៅប្រទេសថែមទៀត អាជីវកម្មរបស់ឈ្មួញឈ្មោះ គង់ ចន្នី ហៅចាន់ ត្រូវបានគេដឹងថា ជាប្រភពចំណូលរបស់លោក ថៃ លី មេពេទ្យសត្វខេត្តតាកែវ ផងដែរទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។
តាមការបញ្ជាក់ពី ប្រជាពលរដ្ឋ រស់នៅភូមិឈូកស ឃុំសឹង្ហ ស្រុកសំរោង ខេត្តតាកែវ បានឲ្យដឹងថា បច្ចុប្បន្នឈ្មួញឈ្មោះ គង់ ចន្នី ហៅចាន់ នៅតែអាចនាំចូលជ្រូកពីស្រុកយួននិងស្រុកសៀម មករក្សាទុកក្នុងទីតាំងរបស់ខ្លួនហើយលក់ចែកចាយតាម ទីសត្តឃាត ច្រើនកន្លែងនៅក្នុងស្រុកសំរោង។
សូម្បីតែជ្រូកមានជំងឺ ជ្រូកត្រចៀកខៀវ ជ្រូកក្រហម ក៏ឈ្មួញឈ្មោះ គង់ ចន្នី ហៅចាន់ អាចនាំចូលមកលក់ចែកចាយនៅក្នុងស្រុកសំរោង ខេត្តតាកែវ យ៉ាងពេញបន្ទុកដែរ។ ចំណែកលោក ថៃ លី មេពេទ្យសត្វខេត្តតាកែវ និងលោក ញឹប ស្រ៊ន ប្រធានមន្ទីរកសិកម្មខេត្តតាកែវ បណ្តោយឲ្យឈ្មួញឈ្មោះ គង់ ចន្នី ហៅចាន់ ធ្វើអ្វីៗតាមអំពើចិត្ត។
ប្រភពពីមន្ត្រីនៅក្នុងមន្ទីរកសិកម្មខេត្តតាកែវ បានឲ្យដឹងថា បើគ្មានលោក ថៃ លី មេពេទ្យសត្វខេត្តតាកែវ និងលោក ញឹប ស្រ៊ន ប្រធានមន្ទីរកសិកម្មខេត្តតាកែវ ទេនោះគឺឈ្មួញឈ្មោះ គង់ ចន្នី ហៅចាន់ មិនអាចនាំចូលជ្រូកពីក្រៅប្រទេសមកលក់ចែកចាយតាមទីសត្តឃាត ក្នុងស្រុកសំរោង ខេត្តតាកែវ យ៉ាងពេញបន្ទុកបានឡើយ។
ហេតុនេះថ្នាក់ដឹកនាំក្រសួងកសិកម្មក៏ដូចជានាយកដ្ឋានពាក់ព័ន្ធនៅក្នុងក្រសួងកសិកម្ម គួរពិនិត្យឡើងវិញខ្លះផងព្រោះឈ្មួញឈ្មោះ គង់ ចន្នី ហៅចាន់ ដែលមានការឃុបឃិតជាប្រព័ន្ធកំពុងធ្វើអ្វីៗតាមអំពើចិត្ត។