កំពង់ស្ពឺ ៖ តាមសេចក្តីរាយការណ៍ពី ប្រជាពលរដ្ឋ រស់នៅតាមដងមាត់ស្ទឹង បានលើកឡើងថា បច្ចុប្បន្ននេះមានក្រុមឈ្មួញកំពុងតែ កាប់កាយយកខ្សាច់ស្ទឹង យកទៅលក់យ៉ាងរលូន គ្មានការរំខាន់ ដល់អាជ្ញាធរជំនាញពាក់ព័ន្ធខេត្តកំពង់ស្ពឺសោះឡេីយ។
ខណៈមានលិខិតស្នើសុំថា ស្តារបាតស្ទឹង ប៉ុន្តែសកម្មភាពនេះ ហាក់បីដូចជាផ្ទុយស្រឡះ ចំណុចដែលក្រុមឈ្មួញកាយយកខ្សាច់ស្ទឹង យកទៅលក់នោះ ស្ថិតនៅខាងលិចស្ពានគុណគ្រូ ក្នុងភូមិព្នៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
យោងតាមលិខិត មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ ចុះថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ របស់ប្រជាពលរដ្ឋ ដែលគោរពជូនស្នើសុំទៅលោក វី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ គឺស្នើសុំស្តារដីកកដុះនៅស្ទឹងព្រែកត្នោត ខាងមុខស្ពានគុណគ្រូ ស្ថិតក្នុងភូមិព្នៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ដោយមានចំណាឯកភាព ពីលោក វី សំណាង អភិបាលខេត្ត ចុះថ្ងៃទី២២ ខែមិនា ឆ្នាំ២០២១នោះ គឺការស្តារដីកកដុះក្នុងបាតស្ទឹងតែប៉ុណ្ណោះ ផ្ទុយទៅវិញបែរជាក្រុមឈ្មួញ កំពុងនាំគ្នាដាក់គ្រឿងចក្រកាយយកខ្សាច់លក់ទៅវិញ ផ្ទុយនិងលិខិតស្នើសុំស្តារស្ទឹង។
ហេតុនេះហើយទើបប្រជាពលរដ្ឋ នាំគ្នាស្នើសុំទៅមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ និងលោកអភិបាលស្រុកសំរោងទង ជួយចុះមកពិនិត្យ និងមានវិធានការផ្លូវច្បាប់ ចំពោះក្រុមឈ្មួញទាំងនោះផង ដែលធ្វើសកម្មភាពប្រាស់ចាក និងការស្នើសុំរបស់ពលរដ្ឋ។
ជាក់ស្តែង ពាក់ព័ន្ធនិងបញ្ហាខាងលើនេះ លោក ស៊ឹម រតនៈ អភិបាល នៃគណៈអភិបាលស្រុកសំរោងទង បានប្រាប់តាមទូរស័ព្ទដល់ អ្នកសារព័ត៌មាន ក្នុងស្រុកចុះផ្សាយ នៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១នេះថា សួរទៅខាងមន្ទីរធនធានទឹក និងឧតុនិយមទៅ ក្រែងគាត់អនុញាតឲ្យកាយបន្ត ព្រោះកន្លងមកខាងស្រុកបានចុះទៅផ្អាកបណ្តោះអាសន្នរួចហើយ ។
ដោយឡែក លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ បានប្រាប់ឲ្យដឹងដែរថា លោកបានចេញលិខិតអនុញ្ញាតិឱ្យស្តារអាចម៍ដីចេញពីស្ទឹងមែន លោកថា ក្នុងស្ទឹងមានខ្សាច់ គឺគេកាយខ្សាច់។
លោកប្រធានមន្ទីរបានបន្តទៀតថា លោកជាអ្នកចេញលិខិតអនុញាតិរឿងអី្វ លោកមិនដឹង រឿងនេះគេមិនមែនប្តឹងត្រឹមនិងទេ គឺគេប្តឹងដល់ផេក សម្តេចក្រឡាហោម ស ខេងទៀតផង ហើយលោកបានធ្វើការបំភ្លឺទៅខេត្ត និងក្រសួងឲ្យចុះមកពិនិត្យជាបន្ទាន់ ក៏ខាងក្រសួងធនធានទឹក និងឧតុនិយម ក៏ចុះមកមើលដែរ ហើយក្រសួងក៏មានការគាំទ្រឲ្យកាយខ្សាច់នៅទីតាំងនោះផងដែរ។
ប្រធានមន្ទីរបន្តទៀតថា ការដែលគាត់ចេញលិខិតអនុញាតិឲ្យកាយស្តារបាតស្ទឹងខាងលើនេះ ព្រោះខ្លាចមានការបោះបង្គោលរានយកមាត់ស្ទឹងធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ដែលធ្វើឲ្យមានការលំបាកដោះស្រាយទៅថ្ងៃក្រោយ ដូច្នេះហើយយើងមិនអាចប្រហេះបានទេ ចំពោះបញ្ហានេះ។
លោកបញ្ជាក់ថា ការស្តារបាតស្ទឹងនោះ គឺលោកមិនអនុញាតិឲ្យមានការបូមខ្សាច់ទេ គឺអនុញាតិឲ្យមានតែគ្រឿងចក្រ(អាអិច) សម្រាប់កាយតែប៉ុណ្ណោះ ព្រោះបើដាក់ម៉ាស៊ីនបូម គឺវាអាចបាក់ដល់ច្រាំងស្ទឹង ជាពិសេស ធ្វេីអោយពលរដ្ឋ ជិត១០០គ្រូសារជាង រស់នៅតាមមាត់ស្ទឹងព្រែកត្នោត មានការព្រួយបារម្ភ យ៉ាងខ្លាំង ខ្លាចបាក់ដល់លំដ្ឋានពួកគាត់ទៀតផង ក្នុងខែវស្សា ពេលភ្លៀងមកម្តងៗ។
បើទោះបីជាមានការបកស្រាយពីលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺយ៉ាងដូច្នេះក៏ដោយ ក៏ប្រជាពលរដ្ឋដែល រស់នៅក្បែនោះនៅតែទទួចសុំឲ្យមន្ត្រីជំនាញពាក់ព័ន្ធខេត្ត និងក្រសួង ចុះទៅពិនិត្យម្តងទៀត ព្រោះការកាយយកខ្សាច់នោះ គឺក្រុមឈ្មួញដឹកយកទៅលក់ចែកគ្នាធ្វេីមាន ធ្វេីបានតែប៉ុណ្ណោះ។
ប្រជាពលរដ្ឋ រស់នៅ តាមដងស្ទឹង ព្រែកត្នោត ទទូចអំពាវនាវដល់ លោក វី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ មេត្តាមានវិធានការទប់ស្តាត់សកម្មភាព ក្រុមឈ្មួញ ពុំបានធ្វើតាមការស្នើសុំចេញដោយមន្ទីរធនធានទឹកនោះទេ គឺបានដាក់គ្រឿងចក្រ កាយយកខ្សាច់ស្ទឹងយកទៅលក់ដោយ សេរី៕