ប្រភពស្និទ្ធនឹងលោក ហ៊ុយ សុជាតិ មេគយខេត្តមណ្ឌលគិរី បានឲ្យដឹងថា ឈ្មួញធំៗនៅក្នុងខេត្តមណ្ឌលគិរី សុទ្ធតែមានទំនាក់ទំនងជិតស្និទ្ធជាមួយលោក ហ៊ុយ សុជាតិ ដើម្បីឲ្យមុខជំនួញរបស់ពួកគេប្រព្រឹត្ត ទៅដោយរលូន។
ទន្ទឹមនឹងនេះ ក្រុមឈ្មួញដឹកជញ្ជូនឈើខុសច្បាប់ចេញទៅស្រុកយួនតាមច្រកទ្វេភាគី ដាក់ដាំ ក៏ជាប្រភពចំណូលដ៏សំខាន់របស់លោក ហ៊ុយ សុជាតិ មេគយខេត្តមណ្ឌលគិរី ព្រោះក្រុមគយចល័តក្នុងខេត្តមណ្ឌលគិរី តែងប្រមូលផលប្រយោជន៍ពីលោក ហ៊ុយ សុជាតិ ជាប្រចាំ។
ហេតុនេះលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គួរពិនិត្យឡើងវិញខ្លះផងព្រោះលោក គុណ ញឹម អគ្គនាយកគយ បណ្តោយឲ្យលោក ហ៊ុយ សុជាតិ មេគយខេត្តមណ្ឌលគិរី សាងភាពល្បីល្បាញខាងពុករលួយយ៉ាងពេញទំហឹង។
បើតាមការអះអាង ពីមន្ត្រីពាក់ព័ន្ធនៅច្រកព្រំដែនទ្វេភាគីដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី បានឲ្យដឹងថា បច្ចុប្បន្ន ប្រធានការិយាល័យគយច្រកដាក់ដាំ បើកដៃឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ប្រេងសាំងគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់តាមអំពើចិត្ត។
ប្រភពបានឲ្យដឹងទៀតថា បើគ្មានការបើកដៃពីសំណាក់លោក ហ៊ុយ សុជាតិ មេគយខេត្តមណ្ឌលគិរី ទេនោះគឺប្រធានការិយាល័យគយច្រកដាក់ដាំ មិនហ៊ានបើកដៃឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់យ៉ាងពេញបន្ទុក ដូចសព្វថ្ងៃនេះទេ។
ចំណែកមន្ត្រីគយនៅច្រកទ្វេភាគីណាំលៀ ស្រុកពេជ្រាដា និងច្រទ្វេភាគីឡាប៉ាខេ ស្រុកកែវសីមា ក៏បើកដៃឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ស្រេចតែអំពើចិត្តដែរ។
តាមការបង្ហើបពី មន្ត្រីគយក្នុងខេត្តមណ្ឌលគិរី មួយចំនួនបានឲ្យដឹងថា លោក ហ៊ុយ សុជាតិ តែងប្រើឈ្មោះលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដើម្បីការពារទង្វើរបស់ខ្លួនយ៉ាងសុខស្រួល។
ជាងនេះទៅទៀត គឺលោក ហ៊ុយ សុជាតិ បានយកជំនាញនៃអំពើពុករលួយកាលនៅធ្វើជាប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិប៉ោយប៉ែត មកអនុវត្តន៍នៅក្នុងខេត្តមណ្ឌលគិរី យ៉ាងរលូនដោយសារមានខ្នងបង្អែករឹងមាំ។
សូម្បីតែលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ក៏រក្សាភាពស្ងៀមស្ងាត់ដែរ បើទោះបីរឿងអាស្រូវពុករលួយច្រើនបែបច្រើនយ៉ាងរបស់លោក ហ៊ុយ សុជាតិ មេគយខេត្តមណ្ឌលគិរី ត្រូវបានលាតត្រដាង ៕