សេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ ក្នុងភូមិត្រូន ឃុំក្បាលដំរី បានឲ្យដឹងថា រោងសិប្បកម្មខ្លះដំណើរការជាយូរឆ្នាំមកហើយ មិនដែលឃើញមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការបង្ក្រាបទាល់តែសោះ។
ទន្ទឹមនឹងនេះលោក ទ្រី សុភក្តិ ប្រធានមន្ទីរកសិកម្មខេត្តក្រចេះ និងលោក នួន ពៅរតនា មេរដ្ឋបាលព្រៃឈើខេត្តក្រចេះ រក្សាភាពស្ងៀមស្ងាត់ទុកឲ្យរោងសិប្បកម្មកែច្នៃឈើនៅឃុំក្បាលដំរី កើតឡើងយ៉ាងអនាធិបតេយ្យរហូតដល់បច្ចុប្បន្ន។
ហេតុនេះហើយទើប ប្រជាពលរដ្ឋ អំពាវនាវឲ្យលោក សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ និងលោក វ៉ា ថន អភិបាលខេត្តក្រចេះ ចាត់វិធា នការបង្ក្រាបរោងសិប្បកម្មកែច្នៃឈើនៅភូមិត្រូន ឃុំក្បាលដំរី ជាបន្ទាន់។
ប្រភពព័ត៌មាន ពីប្រពលរដ្ឋក្នុងភូមិត្រូន ឃុំក្បាលដំរី ស្រុកសំបូរ ខេត្ត ក្រចេះ បានឲ្យដឹងថា ក្នុងមូលដ្ឋានពួកគាត់មានរោងសិប្បកម្មកែច្នៃឈើធំៗ ជាច្រើនកន្លែងកំពុងដំណើរការយ៉ាងរលូន ព្រោះគ្មាន មន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីបរិស្ថាន ឬសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការបង្ក្រាបឡើយ។
ប្រជាពលរដ្ឋ បានលើកឡើងថា បើគ្មានការបើកដៃពីមន្ត្រី រដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានទេនោះ គឺរោងសិប្បកម្មកែច្នៃឈើមិនអាចកើតឡើងយ៉ាងរាលដាលដូចសព្វថ្ងៃនេះទេ។
សូម្បីតែសមត្ថកិច្ច អាវុធហត្ថ ស្រុកសំបូរ ក៏មិនចាត់វិធានការបង្ក្រាប រោងសិប្បកម្មកែច្នៃឈើ ក្នុងភូមិត្រូន ឃុំក្បាលដំរី ស្រុកសំបូរ នៅឡើយ ប្រហែលជាខ្លាចបាត់បង់លាភសក្ការះហេីយមេីលទៅ។
បើតាមប្រភពពីមន្ត្រី រដ្ឋាភិបាលដែលឃ្លាំមើលបទល្មើសព្រៃឈើក្នុងខេត្តក្រចេះ បានឲ្យដឹងថា រោងសិប្បកម្មកែច្នៃឈើកើតឡើងពេញបន្ទុក នៅភូមិត្រូន ឃុំក្បាលដំរី ជាប្រភពចំណូល របស់មន្ត្រីរដ្ឋបាលព្រៃឈើនិងសមត្ថកិច្ចពាក់ព័ន្ធ។
បើគ្មានការបើកដៃពីសំណាក់មន្ត្រីរដ្ឋបាលព្រៃឈើនិងសមត្ថកិច្ចពាក់ព័ន្ធទេនោះគឺរោងសិប្បកម្ម ទ្រង់ទ្រាយធំជាច្រើនទីតាំងមិនអាចដំណើរការបានសុខស្រួល ដូចសព្វថ្ងៃបានទេ។
ដូច្នេះលោក សាន្ត ប៊ុនថាន មេបញ្ជារការកងរាជអាវុធហត្ថខេត្តក្រចេះ និងលោក វ៉ា ថន អភិបាលខេត្តក្រចេះ មិនគួរបណ្តែតបណ្តោយឲ្យមន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងស្រុកសំបូរ ឃុបឃិតគ្នាធ្វើអ្វីៗតាមអំពើចិត្ត។