កាលពីយប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ សមត្ថកិច្ច ក្នុងខេត្តមណ្ឌលគិរី បានចាត់វិធានការឃាត់រថយន្តដឹកឈើរបស់ក្រុមហ៊ុនលឹមរ៉ូយ៉ាល់ ១៣គ្រឿងនៅចំណុចអូររមាស ក្រុមសែនមនោរម្យ ខេត្តមណ្ឌលគិរី ដើម្បីត្រួតពិនិត្យព្រោះសង្ស័យថា ក្រុមហ៊ុននេះផ្ទុកឈើលើសពីលិខិតអនុញ្ញាត របស់មន្ត្រីរដ្ឋបាលព្រៃឈើ។
ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធបានឲ្យដឹងថា រថយន្ត ទាំង១៣គ្រឿងរបស់ក្រុមហ៊ុនលឹមរ៉ូយ៉ាល់ ដឹកជញ្ជូនឈើពីស្រុកោះញែក ចូលទៅស្រុកស្នួល ខេត្តក្រចេះ ដើម្បីយកទៅកែច្នៃក្នុងទីតាំងក្រុមហ៊ុនមួយកន្លែងទៀតនៅទីនោះ។
ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់គឺក្នុងទីតាំងដីសម្បទានសេដ្ឋកិច្ចក្រុមហ៊ុនលឹមរ៉ូយ៉ាល់ ក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី គ្មាននៅសល់ឈើសម្រាប់កាប់ធ្វើអាជីវកម្មតទៅទៀតទេ ប៉ុន្តែក្រុមហ៊ុននេះបែរជាមានឈើដឹកចេញដល់ទៅ ១៣រថយន្តធុនធំទៅវិញ។
ប្រភពពីមន្ត្រីអង្គការក្រៅរដ្ឋាភិបាលឃ្លាំមើលបទល្មើសព្រៃឈើក្នុងខេត្តមណ្ឌលគិរី ក៏ដូចជាប្រភពពីប្រជាពលរដ្ឋនៅស្រុកកោះញែក ខេត្តមណ្ឌលគិរី បានឲ្យដឹងថា បច្ចុប្បន្នក្នុងដីសមទានសេដ្ឋកិច្ច របស់ក្រុមហ៊ុនលឹមរ៉ូយ៉ាល់ គ្មានសល់ឈើសម្រាប់ កាប់ធ្វើអាជីវកម្មតទៅទៀតនោះទេ។
ប៉ុន្តែជាក់ស្តែងក្រុមហ៊ុនលឹមរ៉ូយ៉ាល់ របស់មេឈ្មួញ លីម ប៊ុណ្ណា ហៅខ្នា ដែលមានខ្នងបង្អែករឹងមាំបែរជាមានឈើដឹកជញ្ជូនតាមរថយន្តធុនធំ១៣គ្រឿងពីស្រុកកោះញែក ចូលទៅទីតាំងក្រុមហ៊ុន១កន្លែងទៀតក្នុងស្រុកស្នួល ខេត្តក្រចេះ យ៉ាងគគ្រឹកគគ្រេង។
ប្រការនេះបង្ហាញឲ្យឃើញថា មេឈ្មួញ លីម ប៊ុណ្ណា ហៅខ្នា ម្ចាស់ក្រុមហ៊ុនលឹមរ៉ូយ៉ាល់ នៅតែអាចធ្វើអ្វីៗតាមអំពើចិត្ត ហើយមេឈ្មួញរូបនេះ នៅតែអាចគេចផុតពីសំណាញ់ច្បាប់យ៉ាងសុខស្រួលដដែល។
មជ្ឈដ្ឋាននានាបានអំពាវនាវឲ្យលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ពិនិត្យឡើងវិញអំពីបញ្ហានេះព្រោះក្រុមហ៊ុនលឹមរ៉ូយ៉ាល់ នៅតែមានឈើដឹកចេញពីស្រុកកោះញែក ខេត្តមណ្ឌលគិរី ចូលទៅស្រុកស្នួល ខេត្តក្រចេះ ជាបន្តបន្ទាប់។
ជាក់ស្តែង កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ រថយន្តយីឌុបធុនធំ១គ្រឿងដឹកឈើពីស្រុកកោះញែក ខេត្តមណ្ឌលគិរី ចូលទៅស្រុកស្នួល ខេត្តក្រចេះ ហើយចេញទៅស្រុកយួនតាមចំណុច៨៨ ក្នុងឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ច្រកត្រពាំងស្រែ-វ៉ាលឺ យ៉ាងរលូន។
ឥឡូវនេះ កាលពីយប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមហ៊ុនលឹមរ៉ូយ៉ាល់ របស់មេឈ្មួញ លីម ប៊ុណ្ណា ដឹកជញ្ជូនឈើ១៣រថយន្តយីឌុបពីស្រុកកោះញែក ខេត្តមណ្ឌលគិរី ចូលទៅស្រុកស្នួល ខេត្តក្រចេះ ហើយកាលត្រួតពិនិត្យពីសំណាក់សមត្ថកិច្ចពាក់ព័ន្ធបានត្រឹមតែធ្វើឲ្យល្អមើល ៕