ព្រៃវែង ÷ តាមការបញ្ជាក់ ពីក្រុមឈ្មួញ និងអាជីវករព្រមទាំង ប្រជាពលរដ្ឋ ដែលដឹកជញ្ជូនស្រូវទៅលក់ឲ្យឈ្មួញយួនតាមច្រកទ្វារអន្តរជាតិបន្ទាយចក្រី ស្រុកព្រះស្តេច បានឲ្យដឹងថា ចាប់តាំងពីមានការឆ្លងរាលដាលជំងឺកូវីដ-១៩ គឺខាងភាគីយួនមិនអនុញ្ញាតឲ្យឈ្មួញយួនឆ្លងដែនមកទិញស្រូវលើទឹកដីខ្មែរទេ។
ខាងភាគីយួនបានតម្រូវឲ្យឈ្មួញ អាជីវករនិងពលរដ្ឋខ្មែរ ដឹកជញ្ជូនស្រូវឡើងស្ពានទៅទម្លាក់ស្រូវលក់នៅទឹកដីយួន តាមព្រំដែនដែលធ្វើឲ្យខាត ពេលវេលាយ៉ាងច្រើន ហើយត្រូវបង់លុយ២៥០០០រៀលសម្រាប់ខាងសមត្ថកិច្ចភាគីខ្មែរ។
ប្រភពបានឲ្យដឹងទៀតថា ការចំណាយ២៥០០០រៀល ឈ្មួញអាជីវករនិងពលរដ្ឋខ្មែរអាចទទួលយកបានព្រោះសមត្ថកិច្ចក៏ជួយសម្រួលសព្វបែបយ៉ាងផងដែរ។
ថ្មីៗនេះក្រុមឈ្មួញ អាជីវករនិងប្រជាពលរដ្ឋដែលដឹកជញ្ជូនស្រូវទៅលក់ ឲ្យឈ្មួញយួនតាមច្រកទ្វារអន្តរជាតិបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង បានអំពាវនាវឲ្យលោក ជា សុមេធី អភិបាលខេត្តព្រៃវែង ចាត់វិធានការទប់ស្កាត់អំពើពុករលួយ របស់មន្ត្រីគយនិងសមត្ថកិច្ចពាក់ព័ន្ធនៅច្រកនេះជាបន្ទាន់។
ប្រភពបានបញ្ជាក់ថា កាលពីមុនពួកគាត់បង់លុយឲ្យសមត្ថកិច្ចពាក់ព័ន្ធក្នុងស្រូវមួយរថយន្តគឺត្រឹម២៥០០០រៀលប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះមន្ត្រីគយ នៅច្រកទ្វារអន្តរជាតិបន្ទាយចក្រី ស្រុកព្រះស្តេច តម្រូវឲ្យបង់លុយក្នុងមួយរថយន្ត១០០០០រៀលថែមទៀត។
ទន្ទឹមនឹងនេះក៏មានសេចក្តីអំពាវនាវឲ្យក្រសួងនិងស្ថាប័នពាក់ព័ន្ធពិនិត្យឡើងវិញជាបន្ទាន់ផងដែរ ព្រោះការនាំចេញផលិតផលកសិកម្មទៅលក់នៅក្រៅប្រទេស មិនតម្រូវឲ្យមានការបង់លុយឡើយ។
ប្រភពពីក្រុមឈ្មួញ និងអាជីវករ ព្រមទាំងប្រជាពលរដ្ឋបាន លើកឡើងថា ថ្មីៗនេះបែរជាមន្ត្រីគយ តម្រូវឲ្យឈ្មួញ អាជីវករនិងប្រជាព លរដ្ឋបង់លុយក្នុងស្រូវមួយរថយន្ត១០០០០រៀលទើបអនុញ្ញាតឲ្យឆ្លងកាត់ច្រកព្រំដែនទៅស្រុកយួន ទាំងដែលមន្ត្រីគយមិនបានធ្វើអ្វីសោះ បើសរុប គឺស្រូវមួយរថយន្តត្រូវចំណាយអស់៣៥០០០រៀល។
ហេតុនេះហើយ ទើបក្រុមឈ្មួញ អាជីវករនិងប្រជាពលរដ្ឋដឹកជញ្ជូនស្រូវ ទៅលក់ឲ្យឈ្មួញយួនតាមច្រកទ្វារអន្តរជាតិបន្ទាយចក្រី ស្រុកព្រះស្តេច គ្រោងប្រមូលផ្តុំគ្នា ធ្វើការតវ៉ាប្រឆាំងលោក ហង្ស វណ្ណ ដែលទើបទទួលបានតំណែងជា ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិបន្ទាយចក្រី ស្រុកព្រះស្តេច ដែលទើបចូលជំនួសលោក ស៊ុង ម៉ាល័យ ដែលទើបផ្លាស់ប្តូរចេញ ។
ដូច្នេះហើយទើបមានសេចក្តីអំពាវនាវឲ្យលោក ជា សុមេធី អភិបាលខេត្តព្រៃវែង ពិនិត្យឡើងវិញ ជាបន្ទាន់ព្រោះអំពើពុករលួយនិងទង្វើមិនប្រក្រតីនៅ ច្រកទ្វារអន្តរជាតិបន្ទាយចក្រី ស្រុកព្រះស្តេច ត្រូវបានលាតត្រដាង។