ប្រភពពីមន្ត្រី នៅច្រកទ្វារអន្តរជាតិម៉ឺនជ័យ បានឲ្យដឹងថា ទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ដែលឈ្មួញធំៗនាំចូលតាមច្រកម៉ឺនជ័យ មានដូចជា ភេសជ្ជះ គ្រឿងម្ទេស កំប៉ុង គ្រប់ប្រភេទ ទឹកស្ទីង មី នំកញ្ចប់តូចនិងសម្ភារៈប្រើប្រាស់ តុ កៅអីជ័រ ពូក ព្រមទាំងគ្រឿង សំណង់ផងដែរ។
បើតាមការអះអាងពីអាជីវករ ដឹកទំនិញដែលឈ្មួញធំៗនាំចូលតាមច្រកទ្វារអន្តរជាតិម៉ឺនជ័យ បង់ពន្ធយ៉ាងច្រើនត្រឹម៣៥ទៅ៤០ភាគរយប៉ុណ្ណោះ ហើយក្រៅពីនេះគឺឈ្មួញបែងចែកផលប្រយោជន៍ជាមួយសមត្ថកិច្ចពុករលួយជាច្រើនស្ថាប័ន។
ក្នុងនោះប្រសិនបើគ្មានការបើកដៃពីសំណាក់ប្រធានស្នាក់ការច្រកទ្វារអន្តរជាតិម៉ឺនជ័យ និងលោក វ៉ាន់ ពិសិដ្ឋ នាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិម៉ឺនជ័យ ទេនោះ គឺគ្មានឈ្មួញណាអាចនាំចូលទំនិញបង់ពន្ធមិនគ្រប់និងទំនិញគេចពន្ធតាម ច្រកទ្វារអន្តរជាតិម៉ឺនជ័យ យ៉ាងគំហុកបានឡើយ។
ថ្មីៗនេះប្រភពពីមន្ត្រីនៅច្រកទ្វារអន្តរជាតិម៉ឺនជ័យ ស្រុកកំចាយមារ ខេត្តព្រៃវែង បានឲ្យដឹងថា មួយរយៈចុងក្រោយនេះឈ្មួញសម្រុកនាំចូលទំនិញបង់ពន្ធមិនគ្រប់ ទំនិញគេចពន្ធតាមច្រកនេះយ៉ាងគំហុកព្រោះមានការឃុបឃិតជាប្រព័ន្ធ។
ប្រភពបានឲ្យដឹងទៀតថា ប្រធានស្នាក់ការច្រកទ្វារអន្តរជាតិម៉ឺនជ័យ និងលោក វ៉ាន់ ពិសិដ្ឋ នាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិម៉ឺនជ័យ ព្រមទាំងសមត្ថកិច្ចគយ ឃុបឃិតគ្នាឲ្យឈ្មួញធំៗ នាំចូលទំនិញបង់ពន្ធមិនគ្រប់ ទំនិញគេចពន្ធនិងទំនិញ ខុសច្បាប់យ៉ាងរលូនដើម្បីជាថ្នូរនឹងផលប្រយោជន៍។
ហេតុនេះហើយទើបមានសេចក្តីអំពាវនាវឲ្យលោក ជា សុមេធី អភិបាលខេត្តព្រៃវែង ពិនិត្យទៅលើទង្វើមិនប្រក្រតី របស់ប្រធានស្នាក់ការច្រកទ្វារអន្តរជាតិម៉ឺនជ័យ ស្រុកកំចាយមារ ខ្លះផងហើយចាត់វិធានការទប់ស្កាត់ជាបន្ទាន់។
តាមការបង្ហើបពីឈ្មួញមួយចំនួនដែលនាំចូលទំនិញតាមច្រកទ្វារអន្តរជាតិម៉ឺនជ័យ ស្រុកកំចាយមារ បា នឲ្យដឹងថា ពួកគេបង់លុយតាមការកំណត់របស់មន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនស្ថាប័នទើបអាចនាំចូលទំនិញពីស្រុកយួនតាមច្រកនេះហើយដឹកជញ្ជូនទៅដល់គោលដៅយ៉ាងរលូន។
បញ្ហានេះជារឿងដែលលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មិនគួរបណ្តែតបណ្តោយតទៅទៀតទេ ព្រោះករណីឈ្មួញនាំចូលទំនិញបង់ពន្ធមិនគ្រប់តាមច្រកទ្វារអន្តរជាតិម៉ឺនជ័យ ធ្វើឲ្យរដ្ឋត្រូវខាតបង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុង១ខែៗ។
ក្រុមឈ្មួញនិងក្រុមអាជីវករនាំចូលទំនិញពីស្រុកយួនតាមច្រកម៉ឺនជ័យ បានឲ្យដឹងថា មុខរបររបស់ពួកគេសល់កម្រៃចំណេញតិចតួចប៉ុណ្ណោះព្រោះត្រូវបង់លុយលើតុក្រោមតុតាមការកំណត់។