តាមប្រភពស្និទ្ធនឹងមេឈ្មួញដុះស្លែរឈ្មោះ ធា បានឲ្យដឹងថា ក្នុងមួយថ្ងៃឈ្មួញម្នាក់នេះដឹកជញ្ជូនឈើពីតំបន់ព្រៃឡង់ឆ្លងកាត់ស្រុកព្រែកប្រ សព្វចូលទៅស្រុកស្ទឹងត្រង់ ដោយប្រើគោយន្តកន្ទ្រៃធំៗពី៥ទៅ៨គ្រឿងមិនដែលមានសមត្ថកិច្ចហ៊ានប៉ះពាល់ទេ។
ប្រជាពលរដ្ឋក្នុងស្រុកព្រែកប្រសព្វ បានឲ្យដឹងថា គោយន្តកន្ត្រៃរបស់មេឈ្មួញដុះស្លែរឈ្មោះ ធា ក្នុងមួយគ្រឿងផ្ទុកឈើបានពី ៧ទៅ៩ម៉ែត្រគូប ហើយ អាចដឹកជញ្ជូនទៅដល់គោលដៅយ៉ាងសុខស្រួល។
ប្រភពបានឲ្យដឹងទៀតថា មេឈ្មួញឈ្មោះ ធា ដឹកជញ្ជូនឈើខុសច្បាប់ច្រើនឆ្នាំមកហើយមិនដែលមានមន្ត្រីជំនាញឬសមត្ថកិច្ចណាហ៊ានប៉ះពាក់ទាល់តែសោះព្រោះឈ្មួញម្នាក់នេះមានខ្នងបង្អែករឹងមាំ។
ប្រភពពីប្រជាពលរដ្ឋក្នុងស្រុកព្រែកប្រសព្វ ស្រុកស្នួល ខេត្តក្រចេះ បានឲ្យដឹងថា កាលពីរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ មេឈ្មួញដុះស្លែរឈ្មោះ ធា ដែលមានខ្នងបង្អែករឹងមាំធ្វើសកម្មភាពដឹកជញ្ជូនឈើពីតំបន់ព្រៃឡង់ស្រុកព្រែកប្រសព្វ ចូលទៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម តាមគោយន្តកន្ត្រៃជាច្រើនគ្រឿង។
សកម្មភាពដឹកជញ្ជូនឈើខុសច្បាប់របស់មេឈ្មួញឈ្មោះ ធា ត្រូវបានគេដឹងថា មានការបើកដៃពីសំណាក់មន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីបរិស្ថាន និងសមត្ថកិច្ចពាក់ព័ន្ធទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។ សូម្បីតែលោក សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ ក៏មិនហ៊ានចាត់វិធានការបង្ក្រាបមេឈ្មួញឈ្មោះ ធា ដែលយកឈ្មោះមន្ត្រីធំៗមកទន្ទេញជាប់មាត់នោះដែរ។
បើតាមការបង្ហើបពីមន្ត្រីអង្គការក្រៅរដ្ឋាភិបាលឃ្លាំមើលបទល្មើសព្រៃឈើ ក្នុងខេត្តក្រចេះ បានឲ្យដឹងថា មេឈ្មួញដុះស្លែរឈ្មោះ ធា បង់លុយតាមការកំណត់របស់មន្ត្រីបរិស្ថាន មន្ត្រីរដ្ឋបាលព្រៃឈើនិងសមត្ថកិច្ចពាក់ព័ន្ធទើបអាចដឹកជញ្ជូនឈើពីតំបន់ព្រៃឡង់ឆ្លងកាត់ស្រុកព្រែកប្រសព្វ ខេត្ត ក្រចេះ ចូលទៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ហើយចែកចាយតាមដេប៉ូក្នុងខេត្តកំពង់ចាម ជាច្រើនកន្លែង។
មជ្ឈដ្ឋាននាៗបានអំពាវនាវឲ្យថ្នាក់ដឹកនាំគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិចាត់វិធានការ បង្ក្រាបមេឈ្មួញឈ្មោះ ធា ជាបន្ទាន់ដើម្បីកុំឲ្យឈ្មួញម្នាក់នេះប្រព្រឹត្តបទល្មើសព្រៃឈើយ៉ាងពេញទំហឹងតទៅទៀត។
ដោយហេតុថា បច្ចុប្បន្នមេឈ្មួញឈ្មោះ ធា បន្តសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់យ៉ាងគឃ្លើនហើយលោក សាន្ត ប៊ុនថាន មេបញ្ជារការងកងរាជអាវុធហត្ថខេត្តក្រចេះ សម្ងំស្ងាត់។