ព្រៃវែង ÷ ប្រជាពលរដ្ឋបានកត់សម្គាល់ថា តាំងពីមានសង្វៀនបញ្ជល់មាន់ វង់បៀរ អាប៉ោង ក្នុងភូមិតាព្រះ ឃុំព្រែកតាសរ ស្រុកពោធិ៍រៀង រហូតមកដល់ពេលនេះគឺមិនដែលឃើញលោក ព្រុំ សន្ធរ ស្នងការនគរបាលនគរបាលខេត្តព្រៃវែង ក៏ដូចជាលោក ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង និងលោក ជា សុមេធី អភិបាលខេត្តព្រៃវែង ចាត់វិធានការបង្ក្រាបនៅឡើយ។
ដូច្នេះហើយទើបប្រជាពលរដ្ឋជំរុញឲ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ពិនិត្យទៅលើភាពអសកម្មរបស់មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចក្នុងខេត្តព្រៃវែង ខ្លះផង។
ដោយហេតុថា ល្បែងស៊ីសងក្នុងឃុំព្រែកតាសរ ស្រុកពោធិ៍រៀង ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខសង្គម ប៉ុន្តែមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់រក្សាភាពស្ងៀមស្ងាត់មិនចាត់វិធានការបង្ក្រាបឡើយ។
ប្រភពព័ត៌មាន ពីប្រជាពលរដ្ឋ ក្នុងភូមិតាព្រះ ឃុំព្រែកតាសរ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង បានឲ្យដឹងថា នៅក្នុងមូលដ្ឋានពួកគាត់បច្ចុប្បន្ននេះមានគេបើកសង្វៀនបញ្ជល់មាន់ វង់បៀ អាប៉ោង ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន ព្រោះមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចថ្នាក់ឃុំថ្នាក់ស្រុក មិនចាត់វិធានការបង្ក្រាបឡើយ។
ហេតុនេះហើយទើប ប្រជាពលរដ្ឋអំពាវនាវជាថ្មីម្តងទៀតឲ្យលោក ព្រុំ សន្ធរ ស្នងការនគរបាលខេត្តព្រៃវែង និងលោក ជា សុមេធី អភិបាលខេត្តព្រៃវែង ចាត់វិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ក្នុងភូមិតាព្រះ ឃុំព្រែកតាសរ ជាបន្ទាន់។
ប្រជាពលរដ្ឋបានលើកឡើងថា ផ្តើមចេញពីល្បែងស៊ីសងខុសច្បាប់នោះហើយទើបបច្ចុប្បន្នក្នុងឃុំព្រែកតាសរ កើតមានអំពើចោរកម្មនិងបទល្មើសផ្សេងៗធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខសង្គម។
សេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋបានឲ្យដឹងថា អ្នកបើកសង្វៀនបញ្ជល់មាន់និងវង់បៀអាប៉ោង ក្នុងឃុំព្រែកតាសរ ទំនងមានខ្នងបង្អែករឹងមាំទើបមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានថ្នាក់ឃុំថ្នាក់ស្រុកមិនហ៊ានបង្ក្រាបទាល់តែសោះ។
ប្រភពពីប្រជាពលរដ្ឋ បានឲ្យដឹងទៀតថា សង្វៀនបញ្ជល់មាន់ វង់បៀរ អាប៉ោងក្នុងភូមិតាព្រះ ឃុំព្រែកតាសរ បើកលេងជាយូរមកហើយ មិនដែលមានសមត្ថកិច្ចចាត់វិធានកាបង្ក្រាបទាល់តែសោះ។
ក្នុងមួយថ្ងៃៗមានអ្នកចូលរួមលេងល្បែងបញ្ជល់មាន់ បៀរ អាប៉ោង យ៉ាងពពាក់ពពូនដោយមិនខ្លាចឆ្លងជំងឺកូវីដ-១៩នោះទេ ហើយអ្នកបើកល្បែងស៊ីសងខុសច្បាប់ បានអួតអាងប្រាប់អតិថិជនរបស់ខ្លួនថា គេរត់ការបង់លុយគ្រប់លំដាប់ថ្នាក់ទើប ចៀសផុតពីការបង្ក្រាប។