ប្រភពពីប្រជាពលរដ្ឋក្នុងភូមិពៅវើយ ឃុំពាមបាង ស្រុកស្ទោង បានឲ្យដឹងថា ពេលដែលពួកគាត់ប្រើឧបករណ៍នេសាទ ជាលក្ខណៈគ្រួសារតែងប្រឈមនឹងការបង្ក្រាបពីសំណាក់មន្ត្រីរដ្ឋបាលជលផល និងសមត្ថកិច្ចពាក់ព័ន្ធចៀសមិនផុតឡើយ។
ប៉ុន្តែនៅពេលក្រុមជនល្មើសប្រើឧបករណ៍ខុសច្បាប់ប្រភេទរបាំងសាច់អួនក្រឡាញឹក របាំងលូស្បៃមុង សាច់ដាយពណ៌ក្រហម សាច់ដាយពណ៌ខៀវ និងរុញស៊ីបយ៉ាងគគ្រឹកគគ្រេង មិនឃើញមន្ត្រីរដ្ឋបាលជលផលនិងសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការបង្ក្រាបទាល់តែសោះ។
ដូច្នេះលោក សុខ លូ អភិបាលខេត្តកំពង់ធំ និងលោក អេង ជាសាន អគ្គនាយករដ្ឋបាលជលផល គយពិនិត្យឡើងវិញជាបន្ទាន់ព្រោះបច្ចុប្បន្នបទល្មើសនេសាទកំពុងកើតឡើងពេញបន្ទុកនៅក្នុង ឡូត៍បឹងទន្លេឆ្មាភូមិពៅវើយ ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។
ប្រភពពីប្រជានេសាទនៅតំបន់បឹងទន្លេសាប ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ បានឲ្យដឹងថា បច្ចុប្បន្នបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់មានការកើនឡើងយ៉ាងគំហុកនៅក្នុងតំបន់ឡូត៍អភិរក្សបឹងទន្លេឆ្មា ភូមិពៅវើយ ឃុំពាមបាង ស្រុកស្ទោង ព្រោះមានការឃុបឃិតបើកដៃពីមន្ត្រីរដ្ឋបាលជលផលនិងសមត្ថកិច្ចពាក់ព័ន្ធ។
សេចក្តីរាយការណ៍ពីប្រជានេសាទក្នុងភូមិពៅវើយ ឃុំពាមបាង បានឲ្យដឹងថា បុគ្គលម្នាក់ឈ្មោះ ស៊ុម អឹម អនុ ប្រធានភូមិពៅវើយ ជាអ្នករត់ការកាងបទល្មើសនេសាទ យ៉ាងគឃ្លើនគ្មានញញើតអ្វីទាំងអស់។ ហេតុនេះហើយទើបមានសេចក្តីអំពាវនាវឲ្យថ្នាក់ដឹកនាំក្រសួងកសិកម្មនិងលោក អេង ជាសាន អគ្គនាយករដ្ឋបាលជលផល បង្ក្រាបបទល្មើស នេសាទនៅតំបន់ឡូត៍អភិរក្សបឹងទន្លេឆ្មា ជាបន្ទាន់។
មានការរិះគន់ចំៗថា លោក សុខ លូ អភិបាលខេត្តកំពង់ធំ និងលោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ ព្រមទាំងលោក ហម ហ៊ុន នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ បណ្តោយឲ្យបទល្មើសនេសាទកើតឡើងយ៉ាងគំហុកនៅក្នុងឃុំពាមបាង ស្រុកស្ទោង។
ជាក់ស្តែងបទល្មើសប្រើរបាំងសាច់អួនក្រឡាញឹក របាំងលូស្បៃមុង ក៏ដូចជាសាច់ដាយពណ៌ក្រហម និងពណ៌ខៀវ កើតឡើងយ៉ាងអនាធិបតេយ្យនៅក្នុងឡូត៍អភិរក្សបឹងទន្លេឆ្មា។ ជាងនេះទៅទៀ តបទល្មើសរុញស៊ីប ក៏កើតឡើងយ៉ាងពេញបន្ទុកនៅក្នុងតំបន់ឡូត៍អភិរក្ស បឹងទន្លេឆ្មា ផងដែរព្រោះបុគ្គលឈ្មោះ ស៊ុម អឹម អនុប្រធានភូមិពៅវើយ ឃុំពាមបាង បានរត់ការបង់លុយឲ្យមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធ រួចទៅហើយ។