ប្រភពស្និទ្ធនឹងលោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការ ខេត្តកណ្តាល បានឲ្យដឹងថា ដោយសារមានខ្នងបង្អែករឹងមាំទើបលោក ម៉ឹង យូឡេង រក្សាតំណែង ជាប្រធានមន្ទីរប្រធានសាធារណការខេត្តកណ្តាលដោយពុំមានការផ្លាស់ប្តូរឡើយ។
ទន្ទឹមនឹងនេះលោក ម៉ឹង យូឡេង បើកដៃឲ្យប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តអង្គស្នួល ផ្លូវជាតិលេខ៤ ក៏ដូចជាប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនៅផ្លូវជាតិលេខ១ ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ៣ ប្រែក្លាយជញ្ជីងថ្លឹងរថយន្តទៅជាជញ្ជីងថ្លឹងលុយយ៉ាងរលូន។
ជាងនេះទៅទៀត លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការ ខេត្តកណ្តាល បានប្រើឈ្មោះមន្ត្រីធំៗក្នុងក្រសួងសាធារណការមួយចំនួនដើម្បីបិទបាំងទង្វើមិនប្រក្រតីនិងអំពើពុករលួយរបស់ខ្លួនយ៉ាងសុខស្រួលទៀតផង។
ប្រភពព័ត៌មានពីក្រុមឈ្មួញនិងអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តអង្គស្នួល ផ្លូវជាតិលេខ៤ បានឲ្យដឹងថា ទោះបីពួកគាត់ផ្ទុកមិនលើសទម្ងន់ក៏ត្រូវបង់លុយតាមការកំណត់របស់ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនិងបក្ខពួកដែរ។
ចំណែករថយន្តធំៗសណ្តោងកន្ទុយ សណ្តោងរ៉ឺម៉កផ្ទុកលើសទម្ងន់ អាចបើកបរឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តអង្គស្នួល យ៉ាងរលូនឲ្យតែម្ចាស់រថយន្តទាំងនោះបង់លុយតាមការកំណត់របស់ក្រុមមន្ត្រីប្រចាំស្ថានីយ៍។
ចំណែកលោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការ ខេត្តកណ្តាល ត្រូវបានគេដឹងថា ជាអ្នកបណ្តោយឲ្យប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តអង្គស្នួល ប្រែក្លាយជញ្ជីងថ្លឹងរងយន្តទៅជាជញ្ជីងថ្លឹងលុយយ៉ាងត្រជាក់ចិត្ត។
តាមការបង្ហើបពីមន្ត្រីរាជការក្នុងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្តាល មួយចំនួនបានឲ្យដឹងថា ទាល់តែមានការបើកដៃពីសំណាក់លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការ ខេត្តកណ្តាល ទើបប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តអង្គស្នួល ផ្លូវជាតិលេខ៤ ស្រុកអង្គស្នួល ខេត្តកណ្តាល ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត។
បញ្ហានេះជារឿងដែលលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ក៏ដូចជាលោក សេង ឈួន ដែលជាមេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស គួរចាត់វិធានការទប់ស្កាត់ខ្លះផង។
ដោយហេតុថា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តអង្គស្នួល ផ្លូវជាតិលេខ៤ មិនអនុវត្តន៍ឲ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសនោះទេ ហើយប្រែក្លាយជញ្ជីងថ្លឹងរថយន្តទៅជាជញ្ជីងថ្លឹងលុយដោយគ្មានញញើតអ្វីឡើយ ៕