ប្រភព អ្នកធា្លប់ចូលទៅដល់សង្វៀនបញ្ជល់មាន់ លេងនៅលើខ្នងភ្នំយោល ក្រុងបានលុង ខេត្តរតនគីរី បានឲ្យដឹងថា ក្នុងមួយថ្ងៃៗមានប្រជាពលរដ្ឋខ្មែរ ចូលទៅលេងល្បែងបញ្ជល់មាន់បៀរ អាប៉ោង យូគី យ៉ាងពពាក់ពពូនមិនខ្លាចឆ្លងជំងឺកូវីដ-១៩ នោះទេ។
ជាក់ស្តែងសារព័ត៌មានក្នុងស្រុក បានរាយការណ៏ឲ្យដឹងទៀតថា សម្រាប់ការបញ្ជល់មាន់គូពិសេសមានដាក់ដើមថាន់រាប់លានរៀលឬរាប់ពាន់ដុល្លារ ហើយមានអ្នកចាញ់ល្បែងអស់លុយកាក់ទ្រព្យសម្បត្តិរថយន្តនឹងម៉ូតូជាបន្តបន្ទាប់។
ដោយឡែក ម្ចាស់សង្វៀនបញ្ជល់មាន់ នឹងវង់បៀរ អាប៉ោង យូគី លេងនៅផ្ទះលោកតេប វណ្ណា ដែលមហាជនគេស្គាល់ថា មានភាគហ៊ុនជាមួយលោក ពិន តន ម្ចាស់សង្វៀនដុះស្លែកំពុងប្រព្រឹត្តលេង ក្នុងភូមិបឹងកន្សែង ឃុំឡាបានសៀរ ក្រុងបានលុង ខេត្តរតនគីរី។
បានអះអាងប្រាប់អតិថិជនរបស់ខ្លួនថា បានរត់ការជាមួយមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ក្នុងខេត្តរតនគិរី ទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។
បច្ចុប្បន្នប្រជាពលរដ្ឋ ក្នុងភូមិបឹងកន្សែង ឃុំឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី បានឲ្យដឹងថា មានសង្វៀនបញ្ជល់មាន់នឹងវង់បៀរ អាប៉ោង យូគីទ្រង់ទ្រាយធំមួយកន្លែងលេងលើខ្នងភ្នំយោ ក្នុងភូមិភ្នំធំ កំពុងដំណើរការយ៉ាងរលូន។
ប្រភព បានឲ្យដឹងទៀតថា ទំនងមានមន្ត្រីធំៗក្នុង ខេត្តរតនគិរី ទទួលផលប្រយោជន៍ពីអ្នកបើកល្បែងស៊ីសងខុសច្បាប់ទើបមិនចាត់វិធានការបង្ក្រាប ហើយបណ្តោយឲ្យល្បែងស៊ីសងខុសច្បាប់រាលដាលកាន់តែខ្លាំង។
សូម្បីតែលោកយិន ចំណាន ស្នងការនគរបាលខេត្តរតនគិរី នឹងលោក ថោង សាវុន អភិបាលខេត្តរតនគិរី ក៏រក្សាភាពស្ងៀមស្ងាត់ផងដែរ ទោះបីប្រជាពលរដ្ឋព្រួយបារម្ភពីបញ្ហាអសន្តិសុខសង្គមក៏ដោយ។
ជុំវិញបញ្ហាខាងលើនេះប្រជាពលរដ្ឋ ក្នុងឃុំបឹងកន្សែង បានអំពាវនាវឲ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃនឹងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចាត់វិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ក្នុងមូលដ្ឋានពួកគាត់ជាបន្ទាន់។
ដោយហេតុថារយៈពេល ច្រើនខែមកហើយដែល សង្វៀនបញ្ជល់មាន់ នឹងវង់បៀរអាប៉ោង យូគី ក្នុងភូមិបឹងកន្សែង ឃុំឡាបានសៀក ដំណើរការយ៉ាងពេញបន្ទុក ហើយមិនទាន់ឃើញលោកយិន ចំណាន ស្នងការដ្ឋាននគរបាលខេត្តរតនគិរី នឹងលោកថោង សាវុន អភិបាលខេត្តរតនគិរី ចាត់វិធានការទប់ស្កាត់ទាល់សោះ។
ប្រជាពលរដ្ឋសង្ស័យថា ទាល់តែមានការបើកដៃពីសំណាក់ មន្ត្រីអាជ្ញាធរ នឹងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ទើបល្បែងស៊ីសងខុសច្បាប់កើតឡើងយ៉ាងរាលដាលក្នុងឃុំឡាបានសៀក ក្រុងបានលុង ហើយសមត្ថកិច្ចមិនចាត់វិធានការបង្ក្រាប?៕