ប្រភពពីមន្ត្រីនៅក្នុងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះសីហនុ មួយចំនួនបានឲ្យដឹងថា ការដែលលោក នុត លី ប្រធានស្ថានីយ៍ ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាល ផ្លូវជាតិលេខ៤ ស្រុកកំពង់សិលា ហ៊ានប្រែក្លាយជញ្ជីងថ្លឹងរថយន្តទៅជាជញ្ជីងថ្លឹងលុយយ៉ាងសុខស្រួលគឺមានការបើកដៃពីសំណាក់លោក បូរី វង្សសានិត ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះសីហនុ ផងដែរ។
ប្រសិនបើគ្មានការបើកដៃពីលោក បូរី វង្សសានិត ទេនោះគឺលោក នុត លី ប្រធានស្ថានីយ៍ ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាល ផ្លូវជាតិលេខ៤ មិនហ៊ានធ្វើអ្វីៗស្រេចតែអំពើពុករបស់ខ្លួននោះទេ។
ចំណែក លោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស បែរជា រក្សាភាពស្ងៀមស្ងាត់ធ្វើមិនដឹងមិនឮអ្វីទាំងអស់ទោះបីរឿងអាស្រូវពុករលួយរបស់លោក នុត លី ប្រធានស្ថានីយ៍ ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាល ត្រូវបានលាតត្រដាងជាបន្តបន្ទាប់យ៉ាងណាក៏ដោយ។
ថ្មីៗកន្លងទៅនេះរឿងអាស្រូវពុករលួយពេញបន្ទុករបស់លោក នុត លី ប្រធានស្ថានីយ៍ ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាល ផ្លូវជាតិលេខ៤ ភូមិស្ទឹងសំរោង ឃុំកំពង់សិលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ត្រូវបានក្រុមឈ្មួញនិងអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនេះជាបន្តបន្ទាប់។
ដោយហេតុថា ទោះបីឈ្មួញនិងអាជីវករដឹកជញ្ជូនទំនិញផ្ទុកមិនលើសទម្ងន់ក៏ត្រូវបង់លុយតាមការកំណត់របស់លោក នុត លី ប្រធានស្ថានីយ៍ ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាល ផ្លូវជាតិលេខ៤ នោះដែរមិនអាចតវ៉ាបានឡើយ។ ចំណែកឈ្មួញដែលដឹកជញ្ជូនទំនិញតាមរថយន្តធុនធំផ្ទុកលើសទម្ងន់អាចដឹកជញ្ជូនទំនិញឆ្លងកាត់មុខស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាល ដោយមិនបាច់ចូលថ្លឹងឲ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសនោះទេ។
ប្រភពស្និទ្ធនឹងលោក នុត លី ប្រធានស្ថានីយ៍ ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាល បានឲ្យដឹងថា មួយរយៈពេលចុងក្រោយនេះលោក នុត លី ប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង ព្រោះទាំងម្ចាស់រថយន្តដឹកទំនិញផ្ទុកលើសទម្ងន់ឬមិនលើសទម្ងន់សុទ្ធតែត្រូវបង់លុយតាមការកំណត់មិនអាចតវ៉ាបានទេ។
ប្រភពខ្លះបង្ហើបឲ្យដឹងថា អំពើពុករលួយពេញទំហឹង របស់លោក នុត លី ប្រធានស្ថានីយ៍ ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាល ជាប្រភពចំណូលសម្រាប់លោក បូរី វង្សសានិត ប្រធានមន្ទីរសាធារណការខេត្តព្រះសីហនុ និងមន្ត្រីធំៗមួយចំនួនផងដែរទើបអ្វីៗអាចប្រព្រឹត្ត ទៅដោយរលូន។
ដូច្នេះលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដែលធ្លាប់ប្តេជ្ញា លុបបំបាត់អំពើពុករលួយ តាមដងផ្លូវនាពេលកន្លងមកនោះគួរចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោក នុត លី ប្រធានស្ថានីយ៍ ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាល ជាបន្ទាន់។