មន្ត្រីអង្គការក្រៅរដ្ឋាភិបាលក្នុងខេត្តមណ្ឌលគិរី បានឲ្យដឹងថា ចាប់តាំងពីដើមខែធ្នូ ឆ្នាំ២០២០ រហូតមកដល់ពេលនេះបទល្មើសកាប់ឈើនិងដឹកជញ្ជូនឈើចេញពីព្រៃសហគមន៍ភូមិពូលុ ព្រៃសហគមន៍ភូមិឡាំម៉េះ នឹងព្រៃសហគមន៍ភូមិពូឡេះ ស្ថិតនៅក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំណាមលៀរ ត្រូវរងការបំផ្លាញយ៉ាងមហន្តរាយ។
ប្រភពពីប្រជាសហគមន៍ការពារព្រៃក្នុងឃុំប៊ូស្រា បានឲ្យដឹងថា ព្រៃសហគមន៍ទាំង៣កន្លែងដែលមានទំហំផ្ទៃដីសរុបជាង២ម៉ឺនហិកតា ក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំណាមលៀរ ត្រូវឈ្មួញកាប់រំលំដើមឈើធំៗប្រភេទគគីរ ស្រឡៅ ព្រីង នឹងឈើផ្សេងៗដឹកជញ្ជូនទៅស្រុកយួនយ៉ាងរលូន។
តាមការបញ្ជាក់ពីសំណាក់មន្ត្រីក្រៅរដ្ឋាភិបាល បានឲ្យដឹងថា មន្ត្រីបរិស្ថានប្រចាំតំបន់ដែនជម្រកសត្វព្រៃភ្នំណាមលៀរ និងសមត្ថកិច្ចពាក់ព័ន្ធគឺជាអ្នកឃុបឃិតឲ្យបទល្មើសព្រៃឈើកើតឡើងពេញបន្ទុកដើម្បីផលប្រយោជន៍ ។
ប្រភពពី ប្រជាសហគមន៍ ការពារព្រៃឈើក្នុងឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ព្រៃសហគមន៍ចំនួន៣ នៅក្នុងតំបន់ដែនជម្រកសត្វព្រៃ ភ្នំណាមលៀរ កំពុងរងការបំផ្លាញយ៉ាងមហន្តរាយដោយក្រុមឈ្មួញកាប់រំលំដើមឈើធំៗអារច្រៀកដឹកជញ្ជូនចេញទៅស្រុកយួនយ៉ាងពេញបន្ទុក។
ប្រភពបានឲ្យដឹងទៀតថា បទល្មើសព្រៃឈើកើតឡើងយ៉ាងពេញបន្ទុកគឺមានការបើកដៃពីសំណាក់មន្ត្រីបរិស្ថានប្រចាំតំបន់ដែនជម្រកសត្វព្រៃភ្នំណាមលៀរ និងសមត្ថកិច្ចពាក់ព័ន្ធទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។
ហេតុនេះលោក សាយ សំងាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន គួរពិនិត្យឡើងវិញជាបន្ទាន់ព្រោះលោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី កំពុងបណ្តោយឲ្យមន្ត្រីបរិស្ថានប្រចាំតំបន់ដែនជម្រកសត្វព្រៃភ្នំណាមលៀរ ធ្វើអ្វីៗតាមអំពើចិត្ត។
ប្រជាសហគមន៍ការពារព្រៃឈើក្នុងឃុំប៊ូស្រា បានអំពាវនាវឲ្យថ្នាក់ដឹកនាំគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទលើ្មសធនធានធម្មជាតិ ចាត់វិធានការបង្ក្រាបបទល្មើសព្រៃឈើក្នុងតំបន់ព្រៃសហគមន៍ភូមិពូលុ ព្រៃសហគមន៍ភូមិឡាម៉េះ និងព្រៃសហគមន៍ភូមិពូឡេះ ជាបន្ទាន់។
ប្រភពខ្លះបានឲ្យដឹងថា បើគ្មានការបើកដៃពីសំណាក់លោក វុធ សារុំ ប្រធានដែនជម្រកសត្វព្រៃភ្នំណាមលៀរ និងពីសំណាក់លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី គឺបទល្មើសកាប់រំលំដើមឈើធំៗអារច្រៀកដឹកជញ្ជូនទៅស្រុកយួនមិនអាចកើតឡើងបានឡើយ។
ហេតុនេះលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន មិនគួរជឿតាមរបាយការណ៍របស់មន្ត្រីថ្នាក់ក្រោមនោះទេ ព្រោះបច្ចុប្បន្នបទល្មើសកាប់ឈើ ក្នុងព្រៃសហគមន៍ នៅក្នុងតំបន់ដែនជម្រកសត្វព្រៃ ភ្នំណាមលៀរ កំពុងកើតឡើងពេញបន្ទុក។