ប្រភពស្និទ្ធនឹងលោក ឃុត សាលីន ប្រធានការិយាល័យច្រកបុសមន បានឲ្យដឹងថា ដោយសារមានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ទើបលោក ឃុត សាលីន ហ៊ានបន្តប្រព្រឹត្តអំពើពុករលួយច្រើនបែបច្រើនយ៉ាងនាពេលនេះ។
រីឯលោក ហេង សំបូរ ប្រធានសាខាគយខេត្តស្វាយរៀង កំពុងបណ្តោយឲ្យលោក ឃុត សាលីន ប្រធានការិយាល័យច្រកបុសមន សាងភាពល្បីល្បាញខាងពុករលួយកាន់តែខ្លាំងថែមទៀត។
ប្រភពស្និទ្ធនឹងលោក ហេង សំបូរ ប្រធានសាខាគយខេត្តស្វាយរៀង បានបង្ហើបឲ្យដឹងថា អំពើពុករលួយរបស់លោក ឃុត សាលីន ប្រធានការិយាល័យច្រកបុសមន ក៏ជាប្រភពចំណូលរបស់លោក ហេង សំបូរ ផងដែរទើបអ្វីៗអាចប្រព្រឹត្តទៅយ៉ាងរលូនតែម្តង។
តាមការបង្ហើបពីមន្ត្រីពាក់ព័ន្ធនៅច្រកទ្វារព្រំដែនទ្វេភាគីបុសមន ស្រុករំដួល ខេត្តស្វាយរៀង បានឲ្យដឹងថា រហូតមកដល់ពេលនេះឈ្មួញធំៗនៅតែអាចនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ពីស្រុកយួនតាមច្រកបុសមន យ៉ាងរលូនព្រោះមានការបើកដៃពីលោក ឃុត សាលីន ប្រធានការិយាល័យច្រកបុសមន ដែលល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយ។
ទន្ទឹមនឹងនេះលោក ឃុត សាលីន ប្រធានការិយាល័យច្រកបុសមន និងបក្ខពួកគាបយកលុយលើតុក្រោមតុពីក្រុមឈ្មួញ អាជីវករតូចតាចនឹងប្រជាពលរដ្ឋដែលនាំចូលទំនិញតាមច្រកបុសមនស្រេចតែអំពើចិត្ត។
ប្រការនេះហើយ ទើបរឿងអាស្រូវពុករលួយច្រើនបែបច្រើនយ៉ាងរបស់លោក ឃុត សាលីន ប្រធានការិយាល័យច្រកបុសមន ត្រូវបានបើកកកាយជាបន្តបន្ទាប់ មិនអាចលាក់បាំងបានឡើយ។
ប្រភពពីមន្ត្រីគយនៅក្នុងខេត្តស្វាយរៀង មួយចំនួនបានបង្ហើបឲ្យដឹងដែរថា លោក ហេង សំបូរ ទទួលបានតំណែងជាប្រធានសាខាគយខេត្តស្វាយរៀង តាំងពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ ជំនួសលោក ខៀវ សារឿន ដែលទៅធ្វើជាប្រធានសាខាគយខេត្តកំពង់ធំ។
ប៉ុន្តែលោក ហេង សំបូរ ប្រធានសាខាគយខេត្តស្វាយរៀង មិនទាន់ចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោក ឃុត សាលីន ប្រធានការិយាល័យច្រកបុសមន នឹងបក្ខពួកនោះទេ ទោះបីត្រូវប្រឈមនឹងការរិះគន់ជុំទិសយ៉ាងណាក៏ដោយ។
ដូច្នេះហើយទើបមានសេចក្តីអំពាវនាវឲ្យលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនឹងហិរញ្ញវត្ថុ ចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោក ឃុត សាលីន ប្រធានការិយាល័យច្រកបុសមន ខ្លះផង ព្រោះលោក គុណ ញឹម អគ្គនាយកគយ កំពុងសម្ងំស្ងៀមធ្វើមិនដឹងមិនឮអ្វីទាំងអស់ ៕