ដោយសារព្រួយបារម្ភពីបញ្ហាអសន្តិសុខសង្គមទើបប្រជាពលរដ្ឋក្នុងសង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង អំពាវនាវឲ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃនិងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បង្ក្រាបល្បែងស៊ីសងខុសច្បាប់ដែលបុគ្គលឈ្មោះ អួន តាល់ បើកលេងនៅភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ជាបន្ទាន់។
ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា ទីតាំងល្បែងស៊ីសងនោះ នៅក្នុងភូមិកាប់គោថ្មីសង្កាត់អូរចារគឺនៅខាងក្រោយផ្ទះលោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង ហើយមន្ត្រីអាជ្ញាធរនឹងសមត្ថកិច្ចមូលដ្ឋានមិនហ៊ានប៉ះពាល់ទាល់តែសោះ។
តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ក្នុងមួយថ្ងៃៗមានអ្នកចូលរួមលេងល្បែងបៀរអាប៉ោងនឹងល្បែងស៊ីសងផ្សេងៗទៀតយ៉ាងពពាក់ពពូន ហើយបុគ្គលឈ្មោះ អួន តាល់ អាចប្រមូលលុយបានរាប់រយលានរៀល និងរាប់ម៉ឺនដុល្លារជារៀងរាល់ថ្ងៃ។
ប្រភពពីប្រជាពលរដ្ឋក្នុងភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានឲ្យដឹងថា បច្ចុប្បន្នក្នុងមូលដ្ឋានពួកគាត់មានបុគ្គលម្នាក់ឈ្មោះ អួ ន តាល់ បើកល្បែងស៊ីសងច្រើនប្រភេទ ហើយមានអ្នកចូលលេងយ៉ាងគគ្រឹកគគ្រេងមិនខ្លាចឆ្លងជំងឺកូវីដ-១៩ ដែលកើតឡើងយ៉ាងរាលដាលនោះទេ។
ប្រជាពលរដ្ឋបានបញ្ជាក់ថា ឈ្មោះ រើន ជាអ្នករត់ការសម្របសម្រួលជាមួយសមត្ថកិច្ចនឹងមន្ត្រីអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ដើម្បីឲ្យបុគ្គលឈ្មោះ អួន តាល់ បើកល្បែងស៊ីសងខុសច្បាប់យ៉ាងរលូន។
ជាក់ស្តែងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់អូរចារនឹងលោក ឆាង វណ្ណឆៃ អធិការនគរបាលក្រុងបាត់ដំបង រក្សាភាពស្ងៀមស្ងាត់ធ្វើមិនដឹងមិនឮអ្វីទាំងអស់ ហើយលោក សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ក៏រក្សាភាពស្ងៀមស្ងាត់ផងដែរ។
មានការកត់សម្គាល់ថា ចាប់តាំងពីលោក សាត គឹមសាន ទទួលបានតំណែងជាស្នងការនគរបាលខេត្តបាត់ដំបង ជំនួសលោក អ៊ុច សុខុន រួចមកគឺល្បែងស៊ីសងច្រើនប្រភេទកើតឡើងពេញបន្ទុកក្នុងសង្កាត់អូរចារ នឹងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។
ប្រជាពលរដ្ឋបានសម្តែងសេចក្តីព្រួយបារម្តយ៉ាងខ្លាំងពីបញ្ហាអសន្តិសុខសង្គម ព្រោះផ្តើមចេញពីល្បែងស៊ីសងខុសច្បាប់នៅសង្កាត់អូរចារ សង្កាត់ស្វាយប៉ោ នឹងសង្កាត់ផ្សេងៗទៀតក្នុងក្រុងបាត់ដំបង ទើបអំពើចោរកម្ម បទល្មើសគ្រឿងញៀន នឹងបទល្មើសផ្សេងៗទៀតកើតឡើងគួរឲ្យភ័យខ្លាច។