ព្រះវិហារ៖ សកម្មភាពដឹកជញ្ជូនឈើខុសច្បាប់នៅក្នុងខេត្តព្រះវិហារចាប់ផ្តើមកម្រើកទៀតហើយ កត្តាទាំងនេះគឺផ្តើមចេញពីនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ លោក នួន សុខុម បើកដៃឲ្យឈ្មួញមួយក្តាប់តូចដែលត្រូវបានគេស្គាល់ច្បាស់ថា: ១- ឈ្មោះ ព្រំ ធី (ហៅ ធី ពុករលួយ) ២- ឈ្មោះ សិត ៣-ឈ្មោះ ណេ ៤-ឈ្មោះសាន្ត៥-ឈ្មោះឆាត៦-ឈ្មោះបញ្ញ ៧-ឈ្មោះចែស្រី ឈ្មួញទាំង៧ នាក់នេះល្បីល្បាញខាងរកស៊ីដឹកជញ្ជូនផលអនុផលព្រៃឈើខុសច្បាប់ដ៍សកម្មនៅក្នុងខេត្តព្រះវិហារជាយូរឆ្នាំមកហើយ។
–
ប្រភពប្រជាពលរដ្ឋបានឲ្យដឹងថាឈ្មួញបំផ្លាញព្រៃឈើទាំង ៧ រូបខាងលើនេះគេច្រើនដឹកជញ្ជូនតាមរថយន្តសាំយ៉ុងចេញពីចំណុចស្រុកត្បែងមានជ័យ ស្រុកឆែប ស្រុកជ័យសែន និង ស្រុកជាំក្សាន្ត ដោយដឹកចេញតាមផ្លូវជាតិលេខ ៦២ ឆ្លងកាត់មុខស្នាក់ការរដ្ឋបាលព្រៃឈើស្រុករវៀង (ភ្នំដែក កន្លែង តា វ៉ែងតា) យកទៅលក់ឲ្យដេប៉ូឈ្មោះ វិញ រ៉យ និងប្រពន្ធឈ្មោះ ជិន គឹមអ៊ន នៅខេត្តកំពង់ធំបានយ៉ាងរលូន ដោយពុំមានការរំខានពីមន្ត្រីជំនាញ។
ជាក់ស្ដែងនៅយប់ថ្ងៃទី ២០ ខែតុលាឆ្នាំ ២០២០ក្នុងថេរ:វេលាម៉ោង ១៣. 00 នាទីរំលងអាត្រាធក្រុមការងារសារព័ត៌មានចំនួន ៣ អង្គភាពបានប្រទះឃើញរថយន្តសាំយ៉ុងដឹកឈើជាច្រើនគ្រឿងចេញពីស្រុកឆែប ស្រុកជ័យសែន ស្រុកត្បែងមានជ័យដឹកឆ្លងកាត់តាមបណ្ដោយផ្លូវស្រុករវៀង។
ក្នុងខណៈនោះដែរក្រុមការងារសារព័ត៌មានបានតាមផ្តិតយករូបភាពបានមួយចំនួន ដោយហេតុថា រថយន្តដឹកឈើបើកល្បឿនលឿនខ្លាំង លុះមកដល់ចំណុច ភូមិស្រែធ្នង់ ហួសសាលាស្រុករវៀងបន្តិច ក្រុមការងារក៏បានរាយការណ៍ទៅជំនាញរដ្ឋបាលព្រៃឈើភ្លាមៗ ដើម្បីធ្វើអន្តរាគមន៍និងចាត់វិធានការតាមនីតិវិធី ក៏ប៉ុន្តែមិនដឹងជាហេតុការណ៍យ៉ាងណានោះទេបានជាក្រុមឈ្មួញដឹកជញ្ជូនបទល្មើសឈើខុសច្បាប់បើកឡានរត់គេចចូលជ្រកតាមកន្លែងលាក់ខ្លួនរឿងៗខ្លួន (ពាក្យចាស់ពោលថា ទឹកគេ ត្រីគរ) ៣០នាទី ។ ក្រោយមកស្រាប់តែឃើញរថយន្តសាំយ៉ុងដឹកឈើចំនួន ២គ្រឿងអត់ស្លាកលេខមកដល់ចំណុចដូចខាងលើក៏ឃើញមានមន្ត្រីជំនាញ ជាច្រើនឈរតាមដងផ្លូវត្រៀបត្រាក្នុងខណ:ពេលនោះផងដែរស្រាប់តែឃេីញមេឈ្មួញឈ្មោះ ព្រំ ធី (ហៅអា ធី ពុករលួយ) ឆ្លើយប្រាប់ក្រុមការងារថា ឡានឈើខ្ញុំហើយក៍បញ្ជាឲ្យឡានដឹកឈើចេញទៅដោយសុវត្តិភាព! ចំពោះមុខមន្ត្រីជំនាញដែលមានវត្តមាននៅទីនោះផ្ទាល់ រីឯមន្ត្រី ជំនាញ ដែលឈរជើង នៅទីនោះកំពុងរក្សាភាពស្ងាត់ស្ងៀមមិនឃើញមានវិធានការអ្វីចំពោះរថយន្តដឹកបទល្មើសឈើរបស់ឈ្មោះ ព្រំ ធី និងឈ្មោះ សិត ឡើយ។
កន្លងមក ក៍ដូចជាពេលបច្ចុប្បន្ន រាជរដ្ឌាភិបាល កម្ពុជា ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឌមន្ត្រី នៃកម្ពុជា សម្តេច តែងតែយកចិត្តទុក្ខដាក់ខ្ពស់បំផុត ចំពោះ ការថែរក្សា អភិរក្សធន់ធានធម្មជាតិព្រៃឈើ និងបទបញ្ជាយ៉ាងតឹងរឹង បំផុត ចំពោះមន្ត្រីជំនាញ ត្រូវតែយកចិត្តទុក្ខដាក់ ក្នុងការបំពេញ និងអនុវត្តន៍ បង្ការ ទប់ស្កាត់ និងបង្ក្រាប អោយខាន់តែបាន ចំពោះក្រុមដែលបំផ្លាញព្រៃឈើ តែផ្ទុយទៅវិញ លោក នួន សុខុម នាយខណ្ឌ័រដ្ឌបាលព្រៃឈើខេត្តព្រះវិហារ មិនបានគោរព និងយកចិត្តទុក្ខដាក់រាល់បទបញ្ជាដ៍ខ្ពង់ខ្ពស់បំផុត របស់សម្តេច តេជោ សែន ឡើយ រឹតតែមិនគោរព នូវតួនាទី របស់ខ្លួនក្នុងឋានះជាមន្ត្រីអនុវត្តន៍ច្បាប់ស្តីពីព្រៃឈើ បណ្តោយអោយក្រុមឈ្មួញ សកម្មដឹកឈើខាងលើ ធ្វើសកម្មភាពដឹកឈើតាមតែអំពើចិត្ត ៕