កំពង់ចាម ÷ ប្រភពថ្មីៗពីបងប្អូនប្រជាពលរដ្ឋ រស់នៅឃុំអូរម្លូរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានរាយការណ៍ឲ្យដឹងថា បានបើកសង្វៀនបញ្ជល់មាន់ បៀរ វង់អាប៉ោង ដំណើរការយ៉ាងពេញបន្ទុក រយៈពេលជាយូរខែណាស់មកហើយ គ្មានមន្ត្រីអាជ្ញាធរ ឬសមត្ថកិច្ចមូលដ្ឋានចាត់វិធានការទប់ស្កាត់សោះឡើយ។
ប្រជាពលរដ្ឋ ដែលរស់នៅជិតសង្វៀនប្រជល់មាន់បាន បញ្ជាក់ទៀតថា ឈ្មោះហូរ មេការមាន់ ដែលជាអ្នករត់ការពីថ្នាក់ក្រោម រហូតដល់ថ្នាក់លើ បានជាវង់ល្បែងស៊ីសងដំណើរការ លេងយ៉ាងគគ្រឹកគ្រេង ប្រហែលជា មានខ្នងបង្អែករឹងមាំនៅពីក្រោយ ទើបលោក ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម មិនហ៊ានប៉ះពាល់។
ដូច្នេះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃនិងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ គួរពិនិត្យឡើងវិញជាបន្ទាន់ ព្រោះសង្វៀនប្រជល់មាន់ បើកឲ្យប្រជាពលរដ្ឋខ្មែរចូលលេងល្បែងយ៉ាងរលូន សមត្ថកិច្ច ពាក់ព័ន្ធក្នុងខេត្តកំពង់ចាម មិនហ៊ានបង្ក្រាបខ្លាចបែកឆ្នាំងបាយ ។
ជាក់ស្តែងប្រមុខថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជាកំពុងតែផ្អាកជួបជុំគ្នាមួយរយះ ដេីម្បីទប់ស្កាត់ជំងឺកូវីដ១៩ បែរជាម្ចាស់សង្វៀនឈ្មោះតាបើកលេងដោយសេរី ឬមួយបានសែនព្រេនត្រូវជាមួយសមត្ថកិច្ចមូលដ្ឋានអស់ហេីយមេីលទៅ។
ប្រភពខ្លះបង្ហើបឲ្យដឹងថា មានមន្ត្រីធំៗមួយចំនួនក្នុងខេត្តកំពង់ចាម សម្ងំទទួលផលប្រយោជន៍ទើបឈ្មោះ តា ហ៊ានប្រព្រឹត្តបំពានច្បាប់គ្មានញញើតអ្វីទាំងអស់។
បច្ចុប្បន្នប្រជាពលរដ្ឋ ក្នុងឃុំអូរម្លូរ ស្រុកស្ទឹងត្រង់ខេត្តចាម សម្តែងការព្រួយបារម្ភយ៉ាងខ្លាំងពីបញ្ហាអសន្តិសុខសង្គម ព្រោះឈ្មោះ តា ជាម្ចាស់សង្វៀន បើកឲ្យប្រជាពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងយ៉ាងពពាក់ពពូន។
ប្រជាពលរដ្ឋទូទាំងឃុំអូរម្លូរ បានអំពាវនាវយ៉ាងទទូចឲ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃនិងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ពិនិត្យឡើងវិញជាបន្ទាន់.! អំពីបញ្ហានេះព្រោះនៅក្នុងឃុំអូរម្លូរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បច្ចុប្បន្នកើតមានល្បែងសុីសងផ្សេងៗគួរឲ្យភ័យខ្លាច។