ប្រភពពីមន្ត្រីគយក្នុងខេត្តស្វាយរៀង បានបង្ហើបឲ្យដឹងថា លោក ហេង សំបូរ ទទួលបានតំណែងជាប្រធានសាខាគយខេត្តស្វាយរៀង កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ ក្រោយពេលធ្វើជាមេគយនៅខេត្តកំពត អស់រយៈពេលជាច្រើនឆ្នាំ។
ក្រោយពេលទទួលបានតំណែងជាប្រធានសាខាគយខេត្តស្វាយរៀង រួចមកគឺលោក ហេង សំបូរ មិនទាន់ចាត់វិធានការទប់ស្កាត់រឿងអាស្រូវនិងអំពើពុករលួយរបស់លោក ឃុត សាលីន ដែលជាប្រធានការិយាល័យគយច្រកទ្វេភាគីបុសមន ស្រុករំដួល ខេត្តស្វាយរៀង នៅឡើយទេ។
ប្រការនេះហើយទើបមជ្ឈដ្ឋានខ្លះបានលើកឡើងថា លោក ហេង សំបូរ ប្រធានសាខាគយខេត្តស្វាយរៀង កំពុងយកជំនាញពុករលួយកាលនៅធ្វើជាមេគយខេត្តកំពត មកអនុវត្តន៍ក្នុងខេត្តស្វាយរៀងដដែល។
ប្រភពស្និទ្ធនឹងលោក ហេង សំបូរ ប្រធានសាខាគយខេត្តស្វាយរៀង បានឲ្យដឹងថា ដោយសារមានខ្នងបង្អែករឹងមាំទើបលោក ហេង សំបូរ ទទួលបានតំណែងជាមេគយខេត្តស្វាយរៀង ជំនួសលោក ខៀវ សារឿន ដែលទៅធ្វើជា ប្រធានសាខាគយខេត្តកំពង់ធំ។
ប្រភពខ្លះបានបង្ហើបឲ្យដឹងថា លោក ឃុត សាលីន ប្រធានការិយាល័យគយច្រកទ្វេភាគីបុសមន ស្រុករំដួល ខេត្ត ស្វាយរៀង កំពុងតែក្លាយទៅជាប្រភពចំណូលដ៏សំខាន់របស់លោក ហេង សំបូរ ប្រធានសាខាគយខេត្តស្វាយរៀង ដែលល្បីល្បាញយូរឆ្នាំមកហើយកាលនៅធ្វើជាមេគយខេត្តកំពត។
ជាក់ស្តែងរយៈពេលប្រមាណជិត២សប្តាហ៍កន្លងទៅនេះគឺលោក ឃុត សាលីន ប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំងតាមរយៈការគាបយកលុយពីប្រជាពលរដ្ឋនិងអាជីវករដែលនាំចូលទំនិញពីស្រុកយួនតាមច្រកទ្វេភាគីបុសមន យ៉ាងកំរោល។
បើតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋនិងក្រុមអាជីវករនាំចូលទំនិញពីស្រុកយួនតាមច្រកទ្វេភាគីបុសមន បានឲ្យដឹងថា មួយរយៈកន្លងទៅនេះមនុស្សរបស់លោក ឃុត សាលីន ដែលឈរជើងមុខស្នាក់ការការិយាល័យគយច្រកបុសមន បានតម្រូវឲ្យពួកគាត់បង់លុយដោយមិនទទួលបានបង្កាន់ដៃឬវិក្កយបត្រត្រឹមត្រូវនោះទេ។
ក្រុមមនុស្សដែលចាំយកលុយពីប្រជាពលរដ្ឋនិងក្រុមអាជីវករនៅខាងមុខស្នាក់ការការិយាល័យគយច្រកទ្វេភាគីបុសមន បានអះអាងថា ពួកគេធ្វើអ្វីៗតាមបញ្ជារបស់លោក ឃុត សាលីន ហេតុនេះហើយទើបប្រជាពលរដ្ឋ អ្នករកស៊ីដឹកទំនិញគ្រប់ប្រភេទរអួលរទាំថាគាបសង្កាត់យកលុយពីពួកគាត់ហេីយអាជីវករអ្នករកស៊ីដឹកទំនិញ ទាំងតូចទាំងធំស្នេីដល់លោកគុណ ញឹម រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ត្រួតពិនិត្យកូនចៅថ្នាក់ក្រោមផងទាន.!៕