ប្រភពពីក្រុមអ្នករត់ការឯកសារនិងឈ្មួញដែលនាំចូលទំនិញតាមច្រកកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ បានឲ្យដឹងថា ចាប់តាំងពីទទួលបានតំណែងជាប្រធានស្នាក់ការគយកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៦ រហូតមកដល់ពេលនេះគឺលោក យ៉ឹក យូ ប្រើតួនាទី និងអំណាចរបស់ខ្លួនប្រព្រឹត្តអំពើពុករលួយដោយគ្មានញញើតអ្វីទាំងអស់។
ប្រភពពីមន្ត្រីគយក្នុងខេត្តព្រះសីហនុ មួយចំនួនបានបង្ហើបឲ្យដឹងថា ការដែលលោក យ៉ឹក យូ ប្រធានស្នាក់ការគយនិងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ហ៊ានធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួនគឺដោយសារអាងមានខ្នងបង្អែកដែលមានឥទ្ធិពលគ្របសង្កត់លើគុណ ញឹម ដែលជាអគ្គនាយកគយ ទៅទៀត។
ដូច្នេះហើយទើប លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា រក្សាភាពស្ងៀមស្ងាត់ក្នុងខណៈដែលលោក យ៉ឹក យូ ប្រធានស្នាក់ការគយនិងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ សាងភាពល្បីល្បាញខាងប្រព្រឹ្តត្តអំពើពុករលួយ យ៉ាងគំហុក។
បើតាមការបង្ហើបពីក្រុមឈ្មួញក៏ដូចជាក្រុមហ៊ុននាំចូលនាំចេញទំនិញតាមច្រកកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ បានឲ្យដឹងថា បច្ចុប្បន្នលោក យ៉ឹក យូ មេគយច្រកនេះប្រើតួនាទីនិងអំណាចគាបយកលុយលើតុរក្រោមតុពីពួកគេ។ ប្រភពបានឲ្យដឹងថា សម្រាប់ទំនិញនាំចេញយ៉ាងហោចណាស់ត្រូវចំណាយក្នុងមួយឯកសារពី៤៥ទៅ៧០ដុល្លារ រីឯឯកសារនាំចូលទំនិញត្រូវបង់លុយយ៉ាងហោចណាស់ពី១០៥ដល់១៥០ដុល្លារ ?ព្រោះលោក យ៉ឹក យូ និងបក្ខពួកឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ។
ប្រភពស្និទ្ធនឹងលោក យ៉ឹក យូ ប្រធានស្នាក់ការគយនិងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ បានឲ្យដឹងថា ការដែលលោក យ៉ឹក យូ មិនញញើតក្នុងការប្រព្រឹត្តអំពើពុករលួយគឺមានការសម្របសម្រួលពីសំណាក់លោក ទុំ ណូ ប្រធានសាខាគយខេត្តព្រះសីហនុ ដែលមានខ្នងបង្អែករឹងមាំផងដែរ។
បើតាមប្រភពពីមន្ត្រីនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ បានបង្ហើបឲ្យដឹងថា ឥឡូវនេះលោក យ៉ឹក យូ ប្រធានស្នាក់ការគយនិងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ កំពុងចាត់ចែងឲ្យកូនចៅក្រោមឱវាទប្រមូលលុយក្រោមតុតាមរបៀបពុករលួយដោយគ្មានញញើតអ្វីទាំងអស់។ ប្រភពបានឲ្យដឹងទៀតថា ទោះបីក្រុមឈ្មួញនិងក្រុមហ៊ុននាំចូលទំនិញបង់ពន្ធត្រឹមត្រូវក៏ដោយ ក៏ចៀសមិនផុតពីបង់លុយក្រោមតុ តាមការកំណត់របស់លោក យ៉ឹក យូ និងបក្ខពួកនោះទេ។
ហេតុនេះហើយទើបមានសេចក្តីអំពាវនាវឲ្យលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចាត់វិធានការទប់ស្កាត់អំពើពុករលួយពេញបន្ទុលរបស់លោក យ៉ឹក យូ ប្រធានស្នាក់ការគយនិងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ និងបក្ខពួកខ្លះផង។ ដោយសារថា តាំងពីដើមឆ្នាំ២០១៦ រហូតមកដល់ពេលនេះលោក គុណ ញឹម អគ្គនាយកគយ បានបណ្តោយឲ្យលោក យ៉ឹក យូ ប្រធានស្នាក់ការគយនិងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ប្រព្រឹត្តអំពើពុករលួយដោយរលូន។