ប្រភព ពីមន្ត្រីពាក់ព័ន្ធនៅច្រកដា ហៅច្រកដូង៧ដើម ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា រហូតមកដល់ពេលនេះលោក យឹម វណ្ណៈ មេគយច្រកដា នៅតែប្រើតួនាទីនិងអំណាចរបស់ខ្លួនប្រព្រឹត្តអំពើពុករលួយច្រើនបែបច្រើនយ៉ាងដោយគ្មានញញើតអ្វីទាំងអស់ ព្រោះអាងមានខ្នងបង្អែករឹងមាំ។
ជាក់ស្តែងលោក ទន់ ចាន់ធី ប្រធានសាខាគយខេត្តត្បូងឃ្មុំ មិនចាត់វិធានការទប់ស្កាត់អំពើពុករលួយយ៉ាងរាលដាលរបស់លោក យឹម វណ្ណៈ មេគយច្រកដា ហៅច្រកដូង៧ដើម នោះទេហើយបែរ ជាបណ្តោយឲ្យលោក យឹម វណ្ណៈ និងបក្ខពួកធ្វើអ្វីៗស្រេចតែអំពើចិត្តរបស់ខ្លួន។
ហេតុនេះលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាគួរពិនិត្យឡើងវិញជាបន្ទាន់ ព្រោះបច្ចុប្បន្នលោក យឹម វណ្ណៈ មេគយច្រកដា ឃុបឃិតឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ពីប្រទេសយួនតាមច្រកដា ហៅច្រកដូង៧ដើម យ៉ាងសុខស្រួលដដែល។
បើតាមមន្ត្រីគយក្នុងខេត្តត្បូងឃ្មុំ មួយចំនួនបានឲ្យដឹងថា ឈ្មួញដែលនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ តាមច្រកដា ហៅច្រកដូង៧ដើម មានដូចជា ឈ្មួញឈ្មោះ ចែពិដោរ ឈ្មួញឈ្មោះ ចែដែត និងឈ្មួញ ជាមន្ត្រីជាន់ខ្ពស់ម្នាក់នៅក្នុងក្រសួងមហាផ្ទៃ។ ក្រុមឈ្មួញទាំងនេះត្រូវបានគេដឹងថា មានទំនាក់ទំនងយ៉ាងចិត្តស្និទ្ធជាមួយលោក យឹម វណ្ណៈ មេគយច្រកដា ដើម្បីឲ្យមុខជំនួញរបស់ពួកគេអាចប្រព្រឹត្តទៅដោយរលូនគ្មានឧបសគ្គ។
ទន្ទឹមនឹងនេះក្រុមឈ្មួញដឹកជញ្ជូនឈើខុសច្បាប់ចេញទៅស្រុកយួនតាមច្រកដា ហៅច្រកដូង៧ដើម គឺមានការឃុបឃិតបើកដៃពីសំណាក់លោក យឹម វណ្ណៈ មេគយច្រកដា ផងដែរទើបឈ្មួញទាំងនោះអាចដឹកជញ្ជូនឈើទៅដល់គោកដៅ។ លើសនេះទៅទៀតក្រុមឈ្មួញនិងអាជីវករដែលដឹកជញ្ជូនកសិផលផ្សេងៗចេញទៅស្រុកយួនតាមច្រកដា ក៏ត្រូវលោក យឹម វណ្ណៈ គាបយកលុយតាមអំពើចិត្តរបស់ខ្លួន។
ប្រភពស្និទ្ធនឹងលោក យឹម វណ្ណៈ មេគយច្រកដា បានឲ្យដឹងថា លោក យឹម វណ្ណៈ តែងប្រើឈ្មោះលោក ទន់ ចាន់ធី ប្រធានសាខាគយខេត្តត្បូងឃ្មុំ ដើម្បីបិទបាំងរឿងអាស្រូវនិងអំពើពុករលួយរបស់ខ្លួនយ៉ាងក្រអឺតក្រទម ហើយឃុបឃិតឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ និងទំនិញខុសច្បាប់យ៉ាងរលូន។
ហេតុនេះលោក គុណ ញឹម អគ្គនាយកគយ មិនគួរបណ្តែតបណ្តោយតទៅទៀតទេ ព្រោះរឿងអាស្រូវពុករលួយរបស់លោក យឹម វណ្ណៈ មេគយច្រកដា ត្រូវបានបើកកកាយជាបន្តបន្ទាប់ ហើយបណ្តាញព័ត៌មាននាៗក៏បានចុះផ្សាយជាសាធារណៈផងដែរ។
ជាពិសេសលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មិនគួរបណ្តែតបណ្តោយឲ្យលោក យឹម វណ្ណៈ មេគយច្រកដា ធ្វើអ្វីៗតាមអំពើចិត្តទៀតទេ ព្រោះករណីលោក យឹម វណ្ណៈ ឃុបឃិតឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ័ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់យ៉ាងពេញបន្ទុក។