ឧត្តរមានជ័យ ៖ ប្រភពៈថ្មីពីក្រុមឈ្មួញដែលរកស៊ីបន្តិចបន្ទួច និងមន្ត្រីគយពាក់ព័ន្ធមួយចំនួនបានបង្ហើបឲ្យដឹងថា លោក គួន សុភាពអតីតប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិអូរស្មាច់ ហើយបច្ចុប្បន្នមានតួនាទីជាមេគយចល័តខេត្តដែលកំពុងបន្តសាងភាពល្បីល្បាញខាងពុករលួយរបស់ខ្លួនដោយគ្មានញញើតអ្វីទាំងអស់ព្រោះអាងមានខ្នងបង្អែករឹកមាំ ចាំជួយដោះស្រាយគ្រប់បញ្ហា។
ហេតុនេះហើយទើបលោក គួន សុភាព មេគយចល័តខេត្តឧត្តរមានជ័យ ដាក់មនុស្សជំនិតរបស់ខ្លួននៅច្រកទ្វារអន្តរជាតិជាំ ស្រុកអន្លង់វែង ដើម្បីរាប់ក្បាលរថយន្តដឹកទំនិញយកលុយតាមរបៀបពុករលួយយ៉ាងគឃ្លើនតែម្តង ។
បើយោងមន្ត្រីគយខេត្តឧត្តរមានជ័យដែលស្និទ្ធនឹងលោក គួន សុភាព មេគយចល័តខេត្តឧត្តរមានជ័យ បានឲ្យដឹងថា ការដែលលោក
គួន សុភាព ហ៊ានធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួនគឺដោយសារអាងមានលោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ជាបង្អែកក្រាស់ឃ្មឹក ចាំជួយការពារ។
ហេតុនេះហើយទើបមានសេចក្តីអំពាវនាវឲ្យលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោក គួន សុភាព មេគយចល័តខេត្តឧត្តរមានជ័យ ខ្លះផងដើម្បីកុំឲ្យលោក គួន សុភាព ធ្វើអ្វីៗតាមអំពើចិត្តទៀត។
ដោយហេតុថាលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា កំពុងបណ្តោយឲ្យលោក គួន សុភាព មេគយចល័តខេត្តឧត្តរមានជ័យ និងលោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ធ្វើអ្វីៗតាមតែអំពើចិត្ត។
តាមប្រភពពីសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងខេត្តឧត្តរមានជ័យ បានឲ្យដឹងថា ចាប់តាំងពីលោក គួន សុភាព ទទួលបានតំណែងជាមេគយចល័តខេត្តឧត្តរមានជ័យ រួចមកគឺលោក គួន សុភាព បណ្តោយឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិន
និងទំនិញខុសច្បាប់ តាមច្រកទ្វារអន្តរជាតិជាំយ៉ាងពេញបន្ទុក។ ក្រុមឈ្មួញដែលនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់គឺជាប្រភពចំណូលដ៏សំខាន់របស់លោក គួន សុភាព មេគយចល័តខេត្តឧត្តរមានជ័យ ដែលកំពុងសាងភាពល្បីល្បាញខាងពុករលួយ។
ហេតុនេះលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មិនគួរបណ្តែតបណ្តោយតទៅទៀតទេ ព្រោះលោក គួន សុភាព មេគយចល័តខេត្តឧត្តរមានជ័យ កំពុងបង្កើនសកម្មភាពពុករលួយយ៉ាងគគ្រឹកគ្រេងដោយមិនខ្វល់ពីការរិះគន់និងអ្វីៗទាំង់អស់ព្រោះរូបលោក មានខ្នងបង្អែកដ៍រឹងមាំនិងចាំជួយដោះស្រាយ។